សេលាថេរីគាថា

ក្បាលទី 44 · ទំព័រ 141

ការរលាស់ខ្លួនចេញ ( ចាកភព ) ក្នុងលោករបស់នាង មិនមានទេ នាងនឹងធ្វើអ្វីដោយវិវេក នាងចូរបរិភោគនូវតម្រេកដែលអាស្រ័យ នូវកាមទាំងឡាយ កុំឲ្យក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយ ។ កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកសូល ជាគ្រឿង កាប់ច្រិញ្ចាំនូវឧបាទានក្ខន្ធទាំងឡាយអ្នកឯងពោល ( សំដៅ ) តម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះជាទីអផ្សុក ដល់អាត្មាទេតើ ។ សេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួងយើង បានកម្ចាត់ចេញហើយ គំនរងងឹតយើងបានទម្លុះទម្លាយហើយ ម្នាលមារមានចិត្តបាប អ្នកឯងចូរដឹងយ៉ាងនេះចុះ ម្នាលមារ ថោកទាប អ្នកឯងយើងកម្ចាត់ចេញបានហើយ ។