អដ្ឋកថា គាថាភទ្ទកាបិលានីថេរី
ក្នុងចតុក្កនិបាត មានវិនិច្ឆ័យដូចតទៅនេះថា គាថារបស់ព្រះនាងភទ្ទកាបិលានីថេរី មានពាក្យផ្តើមថា បុត្តោ ពុទ្ធស្ស ទាយាទោ ដូច្នេះជាដើម ។ បានឮថា ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា បទុមុត្តរៈ ព្រះថេរី នោះកើតក្នុងផ្ទះមានត្រកូល ក្នុងនគរហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីហើយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់តាំងភិក្ខុនីមួយ អង្គក្នុងតំណែងឯតទគ្គៈខាងរពឫកជាតិបាន ទើបធ្វើបុញ្ញាធិការ ប្រាថ្នាតំណែង នោះ ធ្វើបុណ្យដរាបដល់អស់ជីវិត ឃ្លាតចាកអត្តភាពនោះហើយ អន្ទោលទៅក្នុង ទេវតានិងមនុស្សទាំងឡាយ កាលព្រះពុទ្ធមិនទាន់កើតឡើង កើតក្នុងផ្ទះ មានត្រកូលក្នុងនគរពារាណសី ហើយទៅកាន់ក្រកូលស្វាមី ។ ថ្ងៃមួយឈ្លោះ នឹងប្អូនថ្លៃស្រី កាលប្អូនថ្ងៃស្រីប្រគេនបិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធ នាងគិតថា ស្រីនេះ ថ្វាយទានដល់ព្រះបច្ចេកពុទ្ធអង្គនេះហើយ នឹងបានសម្បត្តិដ៏ឧឡារ ទើបកញ្ឆក់យកបាត្រអំពីដៃរបស់ព្រះបច្ចេកពុទ្ធ ហើយចាក់អាហារចោលយក ភក់ដាក់ពេញ ហើយប្រគេន មហាជនតិះដៀលថា ស្រីនេះជាបុគ្គលពាល ព្រះបច្ចេកពុទ្ធលោកធ្វើអ្វីខុសនឹងហងឬ ។ ស្ត្រីនោះ ខ្មាសនឹងពាក្យរបស់ មនុស្សទាំងនោះ ទទួលយកបាត្រមកវិញ ចាក់ភក់ចេញ លាងបាត្រដោយ លម្ហិតអប់ដោយគ្រឿងក្រអូបយករបស់មានរសឆ្ងាញ់ ៤ យ៉ាងដាក់រហូតពេញ ចាក់បំពេញដោយសប្បិដែលមានពណ៌ដូចផ្កាឈូក អំពីខាងលើ ហើយដាក់ ក្នុងដៃរបស់ព្រះបច្ចេកពុទ្ធ តាំងសេចក្តីប្រាថ្នាថា បិណ្ឌបាតនេះមានពន្លឺយ៉ាងណា សូមសរីរៈរបស់ខ្ញុំមានពន្លឺយ៉ាងនោះ ។