វិមលា បុរាណគណិកាថេរី
ក្បាលទី 44 · ទំព័រ 171
អាត្មាអញស្រវឹង រឹងត្អឹង ដោយការសរសើរគុណផងដោយ រូបសម្បត្តិផង ដោយលំអដ៏លើសផង ដោយយសផង ដោយវ័យផង បាន មើលងាយពួកស្រីដទៃ ។ អាត្មាអញស្អិតស្អាងរាងកាយនេះ ឲ្យវិចិត្រល្អ ឲ្យ ជាទីរាក់ទាក់នៃជនពាល ហើយឈរក្បែរទ្វារផ្ទះនៃស្រីពេស្យា ដូចជាព្រាន ម្រឹគដាក់អន្ទាក់ ។ អាត្មាអញសំដែងគ្រឿងប្រដាប់ និងអវ័យវៈដ៏កំបាំង ឲ្យ ជាក់ច្បាស់ជាច្រើន សើចក្អាកក្អាយ បានធ្វើមាយាច្រើនយ៉ាង ( ដើម្បី ) ញ៉ាំងជនពាលជាច្រើន ( ឲ្យស្រើបស្រាល ) ។ ក្នុងថ្ងៃនេះ អាត្មាអញនោះ បានកោរសក់ដណ្តប់សង្ឃាដីដើរទៅបិណ្ឌបាតរួចអង្គុយក្រោមម្លប់ឈើ ជាអ្នក បាននូវធម៌ដែលមិនមានវិតក្កៈ ។ គ្រឿងប្រកបទាំងពួងទោះជាទិព្វក្តី ជារបស់ មនុស្សក្តី អាត្មាអញបានផ្តាច់ផ្តិលហើយ អាត្មាអញបានញ៉ាំងអាសវៈទាំងពួង ឲ្យអស់ហើយ ជាអ្នកមានចិត្តត្រជាក់រំលត់ទុក្ខហើយ ។ វិមលាថេរី ជាស្រីពេស្យាពីដើម ។ ៥