អដ្ឋកថា សីហាថេរី

ក្បាលទី 44 · ទំព័រ 176

គាថារបស់ព្រះនាងសីហាថេរី មានពាក្យផ្តើមថា អយ្យោនិសោមនសិការា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុង ពុទ្ធុប្បាទនេះ កើតជាកូនស្រី របស់ប្អូនស្រីនៃសីហសេនាបតី ក្នុងនគរវេសាលី ញាតិមិត្តបងប្អូនទាំងឡាយ ដាក់ឈ្មោះឲ្យតាមឈ្មោះពុកធំថា សីហា ។ ទារិកាឈ្មោះសីហានោះដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ដែល ព្រះសាស្តាទ្រង់សម្តែងដល់សីហសេនាបតី បាននូវសទ្ធាសូមមាតាបិតាបួស កាលបួសហើយ ផ្តើមវិបស្សនា ក៏មិនអាចធ្វើចិត្តដែលស្ទុះទៅក្នុងអារម្មណ៍ ដ៏ធំខាងក្រៅឲ្យត្រឡប់បាន ត្រូវមិច្ឆាវិតក្កបៀតបៀនអស់ ៧ ឆ្នាំ មិនបាននូវ ការស្ងប់ចិត្តទើបគិតថា ប្រយោជន៍អ្វីដោយជីវិតដ៏លាមករបស់អញនេះ អញ នឹងចងកឲ្យស្លាប់ដូច្នេះ កាន់យករំងកពាក់ត្រង់មែកឈើ រួចទាក់ត្រង់ករបស់ ខ្លួន បង្អោនចិត្តទៅក្នុងវិបស្សនាតាមដែលធ្លាប់អប់រំមក ព្រោះជាសត្វដែល កើតក្នុងភពចុងក្រោយ អន្ទាក់នៅចងត្រង់កនៅឡើយ ព្រះថេរីនោះចម្រើន វិបស្សនាបានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយក្នុងខណៈ នោះឯង ។ ព្រោះញាណចាស់ក្លាហើយ អន្ទាក់ដែលចងត្រង់ក ក៏របូតដំណាលគ្នានឹងពេលបានសម្រេចអរហត្តនោះឯង ព្រះថេរី តាំងនៅក្នុងអរហត្ត ហើយបានពោលគាថាទាំងនេះជាពាក្យឧទានថា កាលពីដើម អាត្មាអញត្រូវកាមរាគបៀតបៀនជាអ្នកមានចិត្ត រវើរវាយមិនលុះក្នុងអំណាចភាវនាចិត្ត ព្រោះធ្វើទុកក្នុងចិត្តមិន ជាឧបាយនៃប្រាជ្ញា ។