សកុលាថេរី
ក្បាលទី 44 · ទំព័រ 204
អាត្មាអញកាលនៅក្នុងផ្ទះ បានស្តាប់ធម៌របស់ភិក្ខុហើយ ឃើញធម៌ប្រាសចាកធូលី គឺកិលេស ជាធម៌នាំសត្វឲ្យចេញចាកតណ្ហា ជា ហេតុនាំឲ្យបានសេចក្តីសុខមិនឃ្លាត ។ អាត្មាអញនោះ បានបោះបង់ចោល នូវកូនប្រុសផង កូនស្រីផង ទ្រព្យនិងស្រូវផង បានឲ្យគេកោរសក់ ហើយ មកបួសក្នុងធម្មវិន័យ ។ អាត្មាអញកាលនៅជាសិក្ខមានា បានញ៉ាំងមគ្គខាងលើ ឲ្យកើត បានលះរាគៈនិងទោសៈផង អាសវៈទាំងឡាយដែលតាំងនៅជាមួយ គ្នានឹងរាគៈទោសៈនោះផង ។ លុះអាត្មាអញបានឧបសម្បទា ជាភិក្ខុនី ហើយ ក៏រពឫកឃើញនូវបុព្វជាតិ ទាំងទិព្វចក្ខុមិនមានមន្ទិលដែលពួកសប្បុរស ចម្រើនហើយ ក៏អាត្មាអញបានជម្រះហើយ ។ អាត្មាអញបានឃើញសង្ខារ ទាំងឡាយដែលកើតអំពីហេតុ មានសភាពទ្រុឌទ្រោមថាជារបស់ដទៃ ហើយ បានលះអាសវៈទាំងអស់ ជាអ្នកមានចិត្តត្រជាក់ បានរលត់ទុក្ខហើយ ។