អដ្ឋកថា សោណាថេរី
គាថារបស់ព្រះសោណាថេរី មានពាក្យផ្តើមថា ទស បុត្តេ វិជាយិត្វា ដូច្នេះជាដើម ។ បានឮថា កុលធីតានេះក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលនាហង្សវតីនគរដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុនីមួយអង្គទុក ក្នុងតំណែងឯតទគ្គលើសភិក្ខុនី អ្នកប្រារព្ធព្យាយាម ក៏ធ្វើកុសលឲ្យក្រៃលែង ប្រាថ្នាតំណែងនោះធ្វើបុណ្យដរាបដល់អស់ជីវិតចុតិអំពីភពនោះហើយអន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយអស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទនេះកើត ក្នុងផ្ទះមានត្រកូលក្នុងក្រុងសាវត្ថី ពេញក្រមុំហើយ នៅក្នុងត្រកូលប្តី មាន កូន ១០ នាក់ ទើបបានឈ្មោះថា ពហុបុត្តិកា កាលប្តីចេញបួស នាងក៏ រៀបចំឲ្យកូនប្រុសស្រីដែលពេញវ័យហើយគ្រប់គ្រងផ្ទះចាត់ចែងទ្រព្យសម្បត្តិ ប្រគល់ឲ្យបុត្តទាំងឡាយ មិនបន្សល់ទ្រព្យណាមួយសម្រាប់ខ្លួនឡើយ បុត្ត និងកូនប្រសាបម្រើនាងបាន ២-៣ ថ្ងៃ ក៏មើលងាយ នាងគិតថា ប្រយោជន៍ អ្វីដែលអញនៅក្នុងផ្ទះដែលកូនទាំងឡាយនេះមើលងាយហើយ ទើបចូលទៅរក ភិក្ខុនីសូមបួស ភិក្ខុនីទាំងឡាយក៏ឲ្យនាងបួស នាងបានឧបសម្បទាហើយ គិតថា អញបួសឯចាស់មិនគប្បីប្រមាទកាលធ្វើវត្តបដិបត្តិដល់ភិក្ខុនីទាំងឡាយ គិតថា អញនឹងធ្វើសមណធម៌មួយយប់ទល់ភ្លឺ ក៏យកដៃម្ខាងចាប់សសរខាងក្រោម ប្រាសាទមិនលះសសរនោះធ្វើសមណធម៌ កាលដើរចង្រ្កមគិតថា ក្នុង ទីងងឹតក្បាលរបស់អញអាចជល់នឹងដើមឈើណាមួយ ទើបយកដៃម្ខាងចាប់ ដើមឈើមិនលះដើមឈើនោះ ធ្វើសមណធម៌ ។