បដាចារាថេរី
ក្បាលទី 44 · ទំព័រ 239
ពួកមាណពភ្ជួរស្រែដោយនង្គ័លទាំងឡាយ ហើយព្រោះពូជ ទាំងឡាយលើផែនដី តែងបាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ ។ អាត្មាអញបរិបូណ៌ដោយសីល មិនខ្ជិល មិនរវើរវាយធ្វើតាមសាសនា របស់ព្រះសាស្តា ដូចម្តេចក៏មិនបានព្រះនិព្វាន ។ អាត្មាអញលាងជើងក្នុងទឹក ឃើញទឹកសម្រាប់លាងជើង ហូរអំពីទីទួលមកកាន់ទីទាបហើយធ្វើ ( ឲ្យជា និមិត្ត ) ក្នុងទឹកទាំងឡាយ លំដាប់ពីនោះមកអាត្មាអញ ក៏បានតម្កល់ចិត្តមាំ ដូចសេះអាជានីយដ៏ចម្រើន ។ លំដាប់នោះអាត្មាអញកាន់ប្រទីប ចូលទៅកាន់ លំនៅរមិលមើលដំណេកហើយអង្គុយលើគ្រែតូច ។ ក្នុងកាលនោះ អាត្មាអញ កាន់រនុកទ្វារ ហើយបន្លឹមចុះនូវប្រឆេះ ( នៃប្រទីប ) ចិត្តក៏បានរួចស្រឡះចាកកិលេស ដូចជាការរលត់នៃប្រទីប ។