តឹសមត្តាថេរីគាថា

ក្បាលទី 44 · ទំព័រ 256

ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវតែងបាននូវទ្រព្យ ទាំងឡាយចិញ្ចឹមកូននិងប្រពន្ធ ។ ពួកនាងចូរធ្វើនូវពុទ្ធសាសនាដែលគេធ្វើហើយ មិនក្តៅក្រហាយតាមក្រោយ ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយ ក្នុងទីសមគួរប្រកបរឿយៗនូវសេចក្តីស្ងប់ចិត្តហើយចូរធ្វើនូវពុទ្ធសាសនាចុះ។ ភិក្ខុនីទាំងនោះ បានស្តាប់ពាក្យប្រៀនប្រដៅរបស់បដាចារាថេរីនោះហើយក៏ លាងជើងហើយចូលទៅក្នុងទីសមគួរប្រកបរឿយៗនូវសមថធម៌ បានធ្វើនូវ ( កិច្ចក្នុង ) ពុទ្ធសាសនា ។ ក្នុងបឋមយាមនៃរាត្រី ពួកព្រះថេរីក៏បានរពឫក ឃើញនូវបុព្វជាតិក្នុងមជ្ឈិមយាមនៃរាត្រីបានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាម នៃរាត្រី ក៏បានទម្លាយនូវគំនរងងឹត ។ ពួកព្រះថេរីទាំងនោះ ក្រោកឡើងថ្វាយបង្គំ បាទា ( នៃបដាចារាថេរីហើយពោលថា ) ពាក្យប្រៀនប្រដៅរបស់នាង យើងបានធ្វើតាមហើយ ពួកទេវតានៅក្នុងឋានត្រៃត្រិង្ស ( ហែហម ) ព្រះឥន្ទ្រ ដែលបានឈ្នះក្នុងសង្រ្គាមយ៉ាងណា ពួកយើងជាអ្នកមានវិជ្ជាបី មិនមានអាសវៈ នឹងនៅហែហម ( នាងយ៉ាងនោះ ) ។ ពួកភិក្ខុនីជាថេរីចំនួន ៣០ រូបនេះ បានធ្វើឲ្យច្បាស់លាស់នូវព្រះអរហត្តក ្នុងសំណាក់នៃបដាចារាថេរី ។