ចន្ទាថេរី
ក្បាលទី 44 · ទំព័រ 261
កាលពីដើម អាត្មាអញជាស្រីទុគ៌ត ជាស្រីមេម៉ាយមិនមាន កូន ព្រាត់ប្រាសចាកមិត្តចាកញាតិទាំងឡាយ មិនដែលបានបាយនិងសំពត់ ( បរិភោគប្រើប្រាស់គ្រប់គ្រាន់ ) ទេ ។ អាត្មាអញកាន់ភាជន៍ដីនិងឈើច្រត់ ដើរសូមអំពីត្រកូលមួយទៅកាន់ត្រកូលមួយ ត្រូវត្រជាក់ និងក្តៅបៀតបៀន ដើរទៅអស់ ៧ ឆ្នាំ ។ លុះកាលជាខាងក្រោយមក អាត្មាអញបានឃើញភិក្ខុនី ( បដាចារាថេរី ) ជាស្រីបានបាយនិងទឹកហើយចូលទៅនិយាយសូមបួស ក្នុងធម្មវិន័យ ។ ឯបដាចារាភិក្ខុនីនោះ បានបំបួសអាត្មាអញដោយសេចក្តី អនុគ្រោះ ខាងក្រោយអំពីនោះមកលោកបានទូន្មានអាត្មាអញ ដឹកនាំក្នុងប្រយោជន៍យ៉ាងសំខាន់ ។ អាត្មាអញបានស្តាប់ពាក្យរបស់លោកក៏បានធ្វើតាម ពាក្យប្រៀនប្រដៅ ឯឱវាទរបស់ព្រះថេរីជាម្ចាស់មិនឥតអំពើឡើយ ខ្ញុំជាអ្នក មានវិជ្ជាបី មិនមានអាសវៈ ចន្ទាថេរី ។