អដ្ឋកថា បញ្ចសតានំ បដាចារាថេរី

ក្បាលទី 44 · ទំព័រ 266

ក្នុងឆក្កនិបាត គាថារបស់ព្រះបញ្ចសតមត្តាថេរី មានពាក្យ ផ្តើមថា យស្ស មគ្គំ ន ជានាសិ ដូច្នេះជាដើម ។ កុលធីតាទាំងនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗមាន ធម៌ជាគ្រឿងតាក់តែងវិមោក្ខដែលសាងមកដោយលំដាប់ក្នុងពុទ្ធុប្បាទនេះកើត ក្នុងផ្ទះមានត្រកូលផ្សេងៗ ធំពេញវ័យដោយលំដាប់មាតាបិតាក៏រៀបចំឲ្យមាន ប្តី បានកូនច្រើននាក់ក្នុងត្រកូលនោះៗ កាលនៅគ្រប់គ្រងផ្ទះ កូនក៏ស្លាប់អស់ ព្រោះពួកគេមានជាតិស្មើគ្នា ធ្វើកម្មមកដូចគ្នា ត្រូវសេចក្តីសោកដល់បុត្តគ្រប សង្កត់ហើយ ចូលទៅរកនាងបដាចារាថេរី ថ្វាយបង្គំហើយ អង្គុយរៀបរាប់ ដល់ហេតុនៃសេចក្តីសោករបស់ខ្លួន ។ ព្រះថេរីកាលបន្ទោបង់ សេចក្តីសោក របស់ស្រីទាំងនោះ ទើបសម្តែងដោយគាថាទាំងឡាយ ៤ ថា នាងមិនដឹងផ្លូវរបស់សត្វណាដែលមកឬទៅទេហើយយំរកកូន ដែល ( មិនដឹងជា ) មកអំពីទីណានោះថា ឱកូនអាត្មាអញ អើយ ។ ទុកជានាងដឹងផ្លូវរបស់កូននោះដែលមកឬទៅ ក៏មិន គប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា ។ ( សត្វនោះ ) មិនមានអ្នកណាមួយអង្វរ ឲ្យមកអំពីបរលោក នោះ ទាំងមិនមានអ្នកណាមួយ អនុញ្ញាតឲ្យទៅអំពីលោកនេះ ឡើយទំនងជាមកអំពីទីណាមួយ ( មាននរកជាដើម ) មក អាស្រ័យនៅ ( ក្នុងទីនេះ ) អស់ពីរបីថ្ងៃ ។ សត្វសូម្បីទៅ អំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះទៅកាន់ភពដទៃ ចែកឋានទៅហើយដោយសភាពជាមនុស្សនឹងអន្ទោលទៅ បើ មកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួល ព្រោះតែសត្វ នោះ មានប្រយោជន៍អ្វី ដូច្នេះ ។