សុជាតាថេរី
ក្បាលទី 44 · ទំព័រ 295
អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អទ្រទ្រង់ ផ្កាកម្រងលាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយ គ្រឿងអាភរណៈ គ្រប់យ៉ាង មានពួកទាសីហែហមហើយ ។ អាត្មាអញ បានយកបាយ ទឹក បង្អែម និងចំអាបដ៏ច្រើន ចេញទៅអំពីគ្រឹហា នាំចូលទៅកាន់ឧទ្យាន ។ អាត្មាអញត្រេកអរលេងក្នុងឧទ្យាននោះ រួចហើយក៏មកកាន់ផ្ទះរបស់ខ្លួន បាន ឃើញវិហារហើយ ក៏ចូលទៅកាន់វិហារ ក្នុងព្រៃអញ្ជ័ន ជិតក្រុងសាកេត ។ អាត្មាអញបានឃើញព្រះពុទ្ធ ជាប្រទីបនៃលោក ហើយចូលទៅថ្វាយបង្គំ ឯ ព្រះអង្គជាបុគ្គលមានចក្ខុ បានសំដែងធម៌ដល់អាត្មាអញ ដោយសេចក្តីអនុគ្រោះ ។ លុះអាត្មាអញបានស្តាប់ធម៌ របស់ព្រះមហេសីហើយ ក៏បានចាក់ធ្លុះនូវសច្ចៈ បានសម្រេចនូវនិព្វានបទ ឈ្មោះអមតៈ ជាធម៌មិនមានធូលីគឺកិលេស ក្នុង វិហារនោះឯង ។ លំដាប់ពីនោះ អាត្មាអញបានដឹងច្បាស់នូវព្រះសទ្ធម្មហើយ បួសក្នុងធម្មវិន័យបានសម្រេចត្រៃវិជ្ជា ព្រះពុទ្ធសាសនាមិនឥតអំពើឡើយ ។