អដ្ឋកថា អនោបមាថេរី

ក្បាលទី 44 · ទំព័រ 299

គាថារបស់ព្រះនាងអនោបមាថេរី មានពាក្យផ្តើមថា ឧច្ចេ កុលេ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ចម្រើននូវធម៌ទាំងឡាយដែលជាគ្រឿងអប់រំបន្ទុំវិមុត្តិមកដោយលំដាប់ ក្នុងពុទ្ធុប្បាទនេះ កើតជាធីតារបស់សេដ្ឋីឈ្មោះមេឃី ក្នុងនគរសាកេត នាង មានរូបស្អាត ទើបមានឈ្មោះថាអនោបមា ក្នុងកាលដែលនាងធំពេញក្រមុំ ហើយ សេដ្ឋីបុត្ត មហាមាត្យរបស់ព្រះរាជា និងព្រះរាជា ជាច្រើន បាននាំគ្នា បញ្ជូនទូតទៅសូមដល់បិតាថា សូមលោកឲ្យធីតាឈ្មោះអនោបមា ដល់ខ្ញុំចុះ យើងទាំងឡាយនឹងឲ្យវត្ថុឈ្មោះនេះៗដល់លោក នាងបានស្តាប់ទូតនោះហើយ ព្រោះដល់ព្រមដោយឧបនិស្ស័យគិតថា អញមិនត្រូវការនៅជាឃរាវាសទើប ទៅគាល់ព្រះសាស្តា ស្តាប់ធម៌ ផ្តើមវិបស្សនា តាមក្រសែព្រះធម្មទេសនា ព្រោះញាណចាស់ក្លាហើយ កាលខ្មីឃ្លាតក្នុងវិបស្សនានោះ បានតាំងនៅហើយ ក្នុងផលទី ៣ តាមលំដាប់នៃមគ្គ ។ នាងទូលសូមបព្វជ្ជាជាមួយព្រះសាស្តា ហើយចូលទៅកាន់សម្នាក់របស់ភិក្ខុនី តាមព្រះតម្រាស់របស់ព្រះសាស្តាបួស ក្នុងសម្នាក់របស់ភិក្ខុនីទាំងឡាយ បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តក្នុងថ្ងៃទី ៧ ពិចារណាដល់ការបដិបត្តិរបស់ខ្លួនហើយ បានពោលគាថាទាំងនេះ ជាឧទាន ថា អាត្មាអញកើតក្នុងត្រកូលខ្ពង់ខ្ពស់ ដែលមានគ្រឿងឧបករណ៍ ជាទីរីករាយច្រើនមានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរ និងរូប ជាធីតាបង្កើតនៃសេដ្ឋីឈ្មោះមេឃិ ។