តុត្តាថេរី
ក្បាលទី 44 · ទំព័រ 338
ម្នាលនាងគុត្តា ការដែលនាងលះបង់កូននិងគំនរទ្រព្យហើយ បួសដើម្បីប្រយោជន៍ណា នាងចូរចម្រើនឲ្យរឿយៗនូវប្រយោជន៍នោះឯងនាង កុំលុះអំណាចនៃចិត្តឡើយ ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរ ក្នុងវិស័យនៃមារ មិនដឹងថា អាត្មាអញត្រាច់រង្គាត់ទៅកាន់សង្សារ អស់ជាតិ មិនតែមួយ ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និង វិចិកិច្ឆាជាគម្រប់ ៥ ។ ម្នាលភិក្ខុនី លុះនាងលះនូវសំយោជនៈ ជាចំណែក ខាងក្រោម ទាំងនោះហើយ ទើបលែងវិលមកកាន់កាមភពនេះទៀត ។ នាង បើខំសង្កត់សង្កិនកាត់ផ្តាច់នូវសំយោជនៈទាំងឡាយ គឺរូបរាគៈ អរូបរាគៈ មានះ អវិជ្ជា ឧទ្ធច្ចៈហើយនឹងធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខបាន ។ នាងបើញ៉ាំង ជាតិសង្សារឲ្យអស់ហើយ កំណត់ដឹងនូវភពថ្មី នឹងទៅជាអ្នកមិនមានតណ្ហា ប្រព្រឹត្តស្ងប់រម្ងាប់ក្នុងបច្ចុប្បន្នពិតប្រាកដបាន ។