ឧត្តរាថេរី

ក្បាលទី 44 · ទំព័រ 346

ពួកមាណពកាន់អង្រែទាំងឡាយបុកស្រូវ ពួកមាណពរមែង បាននូវទ្រព្យចិញ្ចឹមកូននិងប្រពន្ធទាំងឡាយ នាងទាំងឡាយ ចូរព្យាយាមធ្វើ អំពើដែលធ្វើហើយមិនក្តៅក្រហាយតាមក្រោយក្នុងព្រះពុទ្ធសាសនា ចូរលាង ជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។ នាងទាំងឡាយចូរតាំងចិត្ត តម្កល់ឲ្យមាំឲ្យមានអារម្មណ៍តែមួយ ហើយពិចារណានូវសង្ខារទាំងឡាយ ថាជារបស់ដទៃទាំងមិនមែនជារបស់ខ្លួន ។ អាត្មាបានស្តាប់ពាក្យរបស់ព្រះថេរីនោះ គឺជាពាក្យប្រៀនប្រដៅរបស់ព្រះថេរី ឈ្មោះបដាចារា ហើយបានលាងជើង រួចចូលទៅអង្គុយក្នុងទីសមគួរ ។ ក្នុងបុរិមយាមនៃរាត្រី អាត្មាបានរពឫកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃ រាត្រីអាត្មាបានជម្រះនូវទិព្វចក្ខុ ។ ក្នុងបច្ឆិមយាមនៃរាត្រី អាត្មាបានទម្លាយ នូវគំនរងងឹត ជាស្រីបាននូវត្រៃវិជ្ជា បានក្រោកចេញ ( អំពីអាសនៈ ) ក្នុងកាលជាខាងក្រោយ ពាក្យប្រៀនប្រដៅរបស់លោកម្ចាស់ ខ្ញុំបានប្រព្រឹត្ត ហើយ ។ ពួកទេវតាក្នុងឋានត្រៃត្រិង្ស ( ហែហម ) នូវសក្កទេវរាជដែល ឈ្នះក្នុងសង្រ្គាមយ៉ាងណា ខ្ញុំបាននូវត្រៃវិជ្ជាមិនមានអាសវៈក៏ហែហម ( លោក ម្ចាស់ ) យ៉ាងនោះដែរ ។ ឧត្តរាថេរី ។