ចាលាថេរី

ក្បាលទី 44 · ទំព័រ 350

អាត្មាជាភិក្ខុនី បានចម្រើននូវឥន្ទ្រិយ ផ្ចង់ស្មារតី បានចាក់ ធ្លុះនូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់នូវសង្ខារ ជាសុខក្រៃលែង ។ នាងជ្រាស្តីកំណោរ ប្រាកដដូចជាសមណី តើឧទ្ទិសចំពោះលទ្ធិណានាង មិនគាប់ចិត្តនឹងលទ្ធិទាំងឡាយ ហេតុអ្វីក៏នាងជ្រាស្តីវង្វេងប្រព្រឹត្តបែបនេះ ។ លទ្ធិទាំងឡាយខាងក្រៅអំពីសាសនានេះ អាស្រ័យនូវទិដ្ឋិទាំងឡាយ ពួក ជន ( ប្រកាន់លទ្ធិ ) នោះ មិនដឹងច្បាស់នូវធម៌ ពួកជននោះ មិនវាងវៃ ក្នុងធម៌ ។ មាន ( ព្រះរាជបុត្តមួយអង្គ ) កើតក្នុងសក្យត្រកូល បានត្រាស់ ជាព្រះពុទ្ធ មិនមានបុគ្គលផ្ទឹមបានព្រះអង្គបានសំដែងប្រាប់អាត្មានូវអរិយសច្ចធម៌ ជាធម៌ប្រព្រឹត្តកន្លងនូវទិដ្ឋិគឺ ទុក្ខ ១ ហេតុនាំឲ្យកើតទុក្ខ ១ ទីដែល ប្រព្រឹត្តកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ជាដំណើរទៅកាន់ ទីរំលត់ទុក្ខ ១ ។ អាត្មាបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយ ក៏ ត្រេកអរក្នុងសាសនា ត្រៃវិជ្ជាអាត្មាបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួងអាត្មា បាន កម្ចាត់ហើយ គំនរងងឹតអាត្មាបានទម្លាយហើយ ម្នាលមារកំបាប អ្នកចូរដឹង យ៉ាងនេះចុះ ម្នាលមារលាមក អ្នកឯងយើងកម្ចាត់ចេញហើយ ចាលាថេរី ។