អដ្ឋកថា ឧបចាលាថេរី
គាថារបស់ព្រះនាងឧបចាលាថេរី មានពាក្យផ្តើមថា សតិមតិ ដូច្នេះជាដើម ។ រឿងរបស់នាងឧបចាលាថេរីនោះ បានពោលហើយក្នុងរឿងនាងចាលា ថេរីនោះឯង ។ នាងឧបចាលាថេរីនេះ បួសហើយដូចនាងចាលាថេរី ផ្តើម ចម្រើនវិបស្សនា សម្រេចអរហត្ត កាលបន្លឺឧទាន បានពោលគាថានេះថា អាត្មាជាភិក្ខុនី មានស្មារតី មានចក្ខុគឺបញ្ញា មានឥន្ទ្រិយ ចម្រើនហើយ បានចាក់ធ្លុះនូវព្រះនិព្វានជាទីស្ងប់ ដែលបុរស ថោកទាប មិនដែលបានសេពហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សតិមតី សេចក្តីថា ដល់ព្រមដោយសតិ គឺជាបុគ្គលប្រកបដោយសតិ រក្សាខ្លួនបានយ៉ាងក្រៃលែងដែលជាចំណែកខាង ដើម ប្រកបដោយសតិដ៏ឧត្តម ដោយដល់នូវការបរិបូណ៌នៃសតិ ព្រោះ ចម្រើនអរិយមគ្គក្នុងកាលខាងក្រោយ ។ បទថា ចក្ខុមតី បានដល់ ប្រកបដោយបញ្ញាចក្ខុ គឺប្រកបដោយបញ្ញា ដែលភ្លឺស្វាងតាំងអំពីដំបូងដែលជ្រែកនូវកិលេសចេញបានយ៉ាងប្រសើរលោក អធិប្បាយថា ប្រកបដោយបញ្ញាចក្ខុដ៏ក្រៃលែង ព្រោះមានបញ្ញាបរិបូណ៌ ។ បទថា អកាបុរិសសេវិតំ បានដល់ បុរសមិនថោកថយ គឺឧត្តមបុរស បាន ដល់ព្រះអរិយៈ មានព្រះពុទ្ធជាដើមសេពហើយ ។ បទថា កឹ នុ ជាតឹ ន រោចេសិ ជាដើម មារបបួលព្រះថេរីចូលទៅរក កាម ទើបពោល ។ សេចក្តីពិត ព្រះថេរីត្រូវមារសួរថា នែភិក្ខុនី នាង មិនពេញចិត្តអ្វី ទើបឆ្លើយថា នែមារ ខ្ញុំមិនពេញចិត្តជាតិ គឺការកើតពិតៗ លំដាប់នោះ មារកាលសម្តែងថាសត្វដែលកើតហើយ បរិភោគកាម ព្រោះ ហេតុនោះ ទើបប្រាថ្នាជាតិខ្លះ បរិភោគកាមខ្លះ បានពោលគាថានេះថា នាងមិនគាប់ចិត្តនឹងជាតិទេឬ សត្វដែលកើតហើយ តែងបរិភោគកាមទាំងឡាយ នាងចូរបរិភោគនូវតម្រេកក្នុងកាមទាំងឡាយ កុំឲ្យមានសេចក្តីស្តាយក្រោយ ដូច្នេះ ។