អដ្ឋកថា គាថាវឌ្ឍមាតុត្ថេរី
ក្នុងនវកនិបាត គាថារបស់ព្រះនាងវឌ្ឍមាតុថេរី មានពាក្យ ផ្តើមថា មា សុ តេ វឌ្ឍ លោកម្ហិ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ សន្សំបុណ្យដើម្បីការរួចផុតដោយលំដាប់ ក្នុងពុទ្ធុប្បាទនេះ កើតក្នុង ផ្ទះមានត្រកូលក្នុងភារុកច្ឆនគរ ចម្រើនវ័យហើយ មានប្តី ប្រសូតបុត្តម្នាក់ បុត្តនោះមានឈ្មោះថាវឌ្ឍៈ ។ តាំងអំពីនោះមក ជនទាំងឡាយក៏ហៅនាងថា វឌ្ឍមាតា នាងស្តាប់ធម៌ក្នុងសម្នាក់ភិក្ខុនីបាននូវសទ្ធា ក៏ប្រគល់បុត្តដល់ពួកញាតិ ហើយនៅអាស្រ័យក្នុងសម្នាក់ភិក្ខុនី រឿងដែលគួរពោលបន្ទាប់អំពីនេះ មានក្នុងរឿងរបស់ព្រះវឌ្ឍត្ថេរ ( ថេរគាថាអដ្ឋកនិបាត ) ឯណោះ ។ នាង សំណេះសំណាលជាមួយព្រះវឌ្ឍត្ថេរដែលជាបុត្ត ដែលប្រញាប់ប្រញាល់មក ដើម្បីសួរសុខទុក្ខក្នុងសម្នាក់ភិក្ខុនីមួយអង្គឯងថា ហេតុអ្វី ទើបលោកម្ចាស់ ប្រញាប់ប្រញាល់មកក្នុងទីនេះ ត្រឹមតែមួយអង្គឯង កាលទូន្មាន ទើបពោល គាថាទាំងនេះថា ហៃវឌ្ឍៈ ព្រៃគឺកិលេសកុំមានដល់លោកក្នុងកាលណាៗឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្តីទុក្ខរឿយៗឡើយ ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជទាំងឡាយ លោកមិនមានតណ្ហា កាត់សេចក្តីសង្ស័យ ជាអ្នកត្រជាក់ត្រជុំ ដល់នូវសេចក្តីរាបសា មិនមានអាសវៈ តែងនៅជាសុខ ។ ហៃវឌ្ឍៈ ចូរលោក ចម្រើនឲ្យរឿយៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួកឥសី នោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ ដូច្នេះ ។ បណ្តាបទទាំងនោះ ក្នុងពាក្យថា មា សុ តេ វឌ្ឍ លោកម្ហិ វនថោ អហុ កុទាចនំ ពាក្យថា សុ ត្រឹមតែជានិបាត នែវឌ្ឍៈ តណ្ហាគឺកិលេស ដូចព្រៃ