អដ្ឋកថា គាថាឧប្បលវណ្ណាថេរី
ក្នុងទ្វាទសកនិបាត គាថារបស់ព្រះនាងឧប្បលវណ្ណាថេរីមាន ពាក្យផ្តើមថា ឧភោ មាតា ច ធីតា ច ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលក្នុងក្រុងហង្សវតី ដល់នូវភាពជាអ្នកដឹងក្តី ហើយ ចូលគាល់ព្រះសាស្តាជាមួយនឹងមហាជនស្តាប់ធម៌ ឃើញព្រះសាស្តា ស្ថាបនាភិក្ខុនីមួយរូបទុកក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុនីទាំងឡាយ ខាងមាន បឫទ្ធិ ទើបថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន អស់ ៧ ថ្ងៃ ប្រាថ្នាតំណែងនោះ នាងធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងសាសនាព្រះកស្សបសម្ពុទ្ធ ក៏បដិសន្ធិក្នុងរាជវាំង របស់ព្រះបាទកាសី ព្រះនាមកិកិ នៅក្នុងនគរពារាណសី ជារាជធីតាមួយអង្គ ក្នុងចំណោមបងប្អូនស្រីទាំង ៧ អង្គ ព្រះនាងប្រព្រឹត្តព្រហ្មចរិយៈអស់ពីរម៉ឺន ឆ្នាំ សាងបរិវេណថ្វាយភិក្ខុសង្ឃហើយកើតក្នុងទេវលោក ។ កាលចុតិអំពីទេវលោកនោះហើយ ត្រឡប់មកកាន់មនុស្សលោកវិញ កើត ក្នុងផ្ទះរបស់អ្នកធ្វើការងារដោយដៃចិញ្ចឹមជីវិត ក្នុងតំបន់មួយ ។ ថ្ងៃមួយ កំពុងដើរទៅកាន់ខ្ទមស្រែ ក្នុងចន្លោះផ្លូវ ឃើញផ្កាឈូករីកអំពីព្រលឹម ក្នុង ស្រះមួយ ក៏ចុះកាន់ស្រះនោះ បេះផ្កាឈូកនោះនិងស្លឹកឈូកសម្រាប់ដាក់ លាជ ក្តិចស្រូវសាលីអំពីស្រែមក អង្គុយក្នុងខ្ទម លីងស្រូវធ្វើជាលាជរើស លាជ ៥០០ គ្រាប់ទុក ។ ខណៈនោះ នៅឯភ្នំគន្ធមាទន៍ ព្រះបច្ចេកពុទ្ធ មួយអង្គ ចេញអំពីនិរោធសមាបត្តិ មកឈរក្នុងទីមិនឆ្ងាយ នាងឃើញព្រះ បច្ចេកពុទ្ធហើយ ក៏កាន់យកផ្កាឈូកមួយអន្លើដោយលាជ ចេញអំពីខ្ទម ដាក់ លាជក្នុងបាត្ររបស់ព្រះបច្ចេកពុទ្ធ យកផ្កាឈូកបិទបាត្រ ហើយប្រគេន ។