អដ្ឋកថា ចាបាថេរី
គាថារបស់ព្រះនាងចាបាថេរី មានពាក្យផ្តើមថា លដ្ឋិហត្ថោ បុរេ អាសិ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ សន្សំកុសលមូលមកដោយលំដាប់ សន្សំបុណ្យដើម្បីការរួចផុត ជាច្រើន ។ ក្នុងពុទ្ធុប្បាទនេះ កើតជាកូនស្រីប្រធានព្រានព្រៃក្នុងស្រុកព្រាន នា តំបន់មួយ ក្នុងវង្កហារជនបទ មានឈ្មោះថាចាប្បា ។ សម័យនោះ អ្នកបួស អាជីវកឈ្មោះឧបកៈ ជួបព្រះសាស្តា ដែលយាងចេញអំពីពោធិមណ្ឌលដ្ឋាន ឆ្ពោះទៅកាន់ក្រុងពារាណសីដើម្បីប្រកាសធម្មចក្ក ។ ទើបសួរថា អាវុសោ ឥន្ទ្រិយរបស់លោកផូរផង់ ឆវីវណ្ណក៏បរិសុទ្ធផូរផង់ អាវុសោ លោកបួស ឧទ្ទិសចំពោះអ្នកណា ឬថាអ្នកណាជាសាស្តារបស់លោក លោកគាប់ចិត្តក្នុង ធម៌របស់អ្នកណា កាលព្រះសាស្តាទ្រង់ចង្អុលបង្ញាញថា ទ្រង់ជាសព្វញ្ញូពុទ្ធ និងការប្រកាសធម្មចក្រ ដូច្នេះថា តថាគត ជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹង នូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ បានលះចោល នូវតេភូមិកធម៌ទាំងអស់ ។ ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា ដឹង ច្បាស់នូវចតុភូមិកធម៌ ដោយខ្លួនឯង ( ចាំបាច់ ) ចំពោះ បុគ្គលណា ។ តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលដទៃ ស្មើនឹងតថាគតឡើយ ក្នុងលោកនេះព្រមទាំងទេវលោក មិន មានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ ។ ព្រោះថា តថាគត ជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹង ដោយប្រពៃចំពោះខ្លួនឯង តថាគតមានសេចក្តីត្រជាក់ មាន ភ្លើងកិលេសរលត់ហើយ ។