ទូរេនិទាន

ក្បាលទី 45 · ទំព័រ 3

ទូរេនិទាន ប្រយោជន៍សម្រាប់សត្វលោកដែលគណនាមិនបាន ប្រមាណមិនកើត ដែលព្រះមហេសី ជាទីពឹងនៃសត្វលោក ទ្រង់បានបំពេញហើយ ដោយជាតិ រាប់ពាន់កោដិ ខ្ញុំសូមនមស្ការ ទៀបបាទារបស់ព្រះមហេសីអង្គនោះ និងសូម ធ្វើអញ្ជលីដល់ព្រះធម៌ និងសូមនមស្ការចំពោះព្រះសង្ឃ ដែលដូចជាភាជនៈ ទទួលនូវការគោរព និងសក្ការៈទាំងពួង ។ ដោយអានុភាពនៃបុណ្យ គឺការថ្វាយបង្គំដែលប្រព្រឹត្តទៅហើយ ក្នុងព្រះ រតនត្រ័យ សូមឧបទ្រព និងអន្តរាយទាំងពួងវិនាសទៅ ។ ជាតកទាំងឡាយ ដែលព្រះមហេសីទ្រទ្រង់នូវបញ្ញាដ៏រុងរឿង ទ្រង់ដោះសព្វសត្វឲ្យចេញចាកទុក្ខ ទ្រង់ជាលោកនាយក បានសន្សំអប់រំ ពោធិសម្ភារដែលមិនមានទីបំផុត អស់កាលយូរ ទ្រង់សម្តែងហើយ ដោយ អាស្រ័យហេតុនោះៗ ។ ម្យ៉ាងទៀត ជាតកឯណា ដែលព្រះធម្មសង្គាហកាចារ្យបានចងក្រងរឿង ដែលកើតឡើងនោះៗ ទុកជាពួកលើកឡើងកាន់សង្គាយនាហើយ ខ្ញុំ ( ពុទ្ធ ឃោសាចារ្យ ) ដែលព្រះថេរៈទាំងពីរ ជាអ្នកសម្លឹងនូវប្រយោជន៍ ប្រាថ្នានូវ ការតាំងនៅដ៏វែងឆ្ងាយនៃពុទ្ធវង្ស ព្រះថេរៈទាំងពីរអង្គនោះ គឺព្រះពុទ្ធមិត្ត អ្នកមានប្រក្រតីនៅដោយមិនច្រឡូកច្រឡំ ដោយពួក ដោយគណៈ មានធម៌ ជាគ្រឿងនៅបរិសុទ្ធ មានចិត្តស្ងប់ ជាអ្នកឈ្លាស និងភិក្ខុឈ្មោះពុទ្ធទេវៈ អ្នកកើតក្នុងត្រកូលមហឹសាសៈ ជាអ្នកដឹងន័យ ជាអ្នកបរិសុទ្ធ អារាធនា ហើយ ។ ខ្ញុំនឹងពោលសុភាសិតដែលពណ៌នានូវអត្ថរបស់ជាតកនោះ ដែលឆ្លុះ បញ្ចាំងដល់អានុភាពនៃចរិយារបស់ព្រះមហាបុរស ដែលជាអចិន្តេយ្យ ដែល អាស្រ័យកថាមគ្គរបស់ព្រះថេរៈ អ្នកនៅក្នុងមហាវិហារជាគំរូ សូមសាធុជន ទាំងឡាយតាំងចិត្តសិក្សាដោយល្អចុះ ។