អដ្ឋកថា អបណ្ណកជាតកទី ១
ព្រះសាស្តា កាលទ្រង់ចូលទៅអាស្រ័យនគរសាវត្ថី គង់នៅក្នុងវត្ត ជេតពនមហាវិហារ ត្រាស់អបណ្ណកធម្មទេសនានេះ ជាបឋម ។ សួរថា រឿង នេះកើតឡើង ព្រោះប្រារព្ធបុគ្គលណា ។ ឆ្លើយថា ព្រោះប្រារព្ធសាវ័ករបស់ តិរ្ថិយ ៥០០ ដែលជាសម្លាញ់របស់អនាថបិណ្ឌិកសេដ្ឋី ។ សេចក្តីពិស្តារថា ថ្ងៃមួយ អនាថបិណ្ឌិកសេដ្ឋី នាំសាវ័ករបស់តិរ្ថិយ ៥០០ នាក់ ដែលជាសម្លាញ់របស់ខ្លួនឲ្យកាន់កម្រងផ្កា គ្រឿងក្រអូប គ្រឿង លាបជាច្រើន និងប្រេង ទឹកឃ្មុំ ទឹកអំពៅ និងសំពត់ជាគ្រឿងបិទបាំង ទៅកាន់ វត្តជេតពន ថ្វាយបង្គំព្រះសាស្តា បូជាដោយផ្កាកម្រង គ្រឿងក្រអូបជាដើម លះបង់ភេសជ្ជៈ និងសំពត់ប្រគេនដល់ភិក្ខុសង្ឃ ហើយអង្គុយក្នុងទីបំផុត នា ចំណែកម្ខាង ដោយវៀរទោសនៃការអង្គុយ ៦ ប្រការ ។ សាវ័កនៃតិរ្ថិយ ទាំងនោះ ថ្វាយបង្គំព្រះតថាគត ហើយសម្លឹងមើលព្រះភក្ត្រព្រះសាស្តា ដែល រុងរឿងដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត សម្លឹងមើលព្រះវរកាយ ដូចកាយព្រហ្ម ដែលប្រដាប់ដោយលក្ខណៈ និងអនុព្យញ្ជនៈ ចោមរោមដោយព្រះរស្មីមួយ ព្យាម សម្លឹងមើលពុទ្ធរង្សីដែលផ្សាយចេញជារង្វង់ៗ ជាគូៗ ទើបអង្គុយជិត អនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ ព្រះសាស្តាបានត្រាស់ធម្មកថាដ៏ពីរោះ វិចិត្រដោយន័យផ្សេងៗ ដោយព្រះសូរសៀង ដូចសំឡេងព្រហ្ម គួរស្តាប់ ប្រកបដោយអង្គ ៨ ប្រការ ដល់សាវ័ករបស់តិរ្ថិយទាំងនោះ ប្រៀបដូច រាជសីហ៍ជំទង់ បន្លឺសីហនាទលើផ្ទាំងមនោសិលា ដូចផ្គរលាន់ក្នុងរដូវភ្លៀង ដូចធ្វើអាកាសគង្គ្បា១ ឲ្យហូរចុះមក និងដូចកម្រងកែវ ដូច្នោះ ។