អដ្ឋកថា វណ្ណុបថជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អកិលាសុនោ ដូច្នេះជាដើម ។ សួរថា ទ្រង់ប្រារព្ធ អ្នកណា ។ ឆ្លើយថា ទ្រង់ប្រារព្ធភិក្ខុដែលលះបង់សេចក្តីព្យាយាមមួយរូប ។ បានឮមកថា កាលព្រះតថាគតគង់នៅក្នុងនគរសាវត្ថី មានកុលបុត្តអ្នកក្រុង សាវត្ថីម្នាក់ ទៅវត្តជេតពនវិហារ ស្តាប់ព្រះធម្មទេសនាក្នុងសំណាក់នៃព្រះសាស្តា មានចិត្តជ្រះថ្លា ឃើញទោសក្នុងកាម អានិសង្សក្នុងការចេញចាកកាម ទើបបួស ឧបសម្បទាបាន ៥ វស្សា រៀនបានមាតិកា ២ បទ សិក្សាការ ប្រព្រឹត្តវិបស្សនា ទទួលកម្មដ្ឋានតាមគាប់ចិត្តក ្នុងសម្នាក់របស់ព្រះសាស្តា ចូលទៅកាន់ព្រៃ ចាំវស្សា ព្យាយាមអស់ត្រៃមាស មិនអាចធ្វើត្រឹមតែឱភាស ឬនិមិត្តឲ្យកើតឡើងឡើយ ។ លំដាប់នោះ ភិក្ខុនោះមានការគិតដូច្នេះថា ព្រះសាស្តា ត្រាស់បុគ្គល ៤ ពួក ក្នុងបុគ្គល ៤ ពួកនោះ អាត្មាអញប្រហែលជាបទ បរមបុគ្គល អាត្មាអញប្រហែលជាមិនមានមគ្គ ឬផលក្នុងអត្តភាពនេះ អញនឹងធ្វើអ្វីដោយការនៅព្រៃ អញនឹងទៅកាន់សម្នាក់របស់ព្រះសាស្តា មើល ព្រះរូបរបស់ទ្រង់ ដែលដល់នូវលម្អនៃព្រះរូបយ៉ាងក្រៃលែង ស្តាប់ព្រះធម្មទេសនាដ៏ពីរោះល្អជាង លុះគិតហើយ ត្រឡប់មកកាន់ជេតពនមហាវិហារ នោះឯងទៀត ។ លំដាប់នោះ ភិក្ខុទាំងឡាយដែលជាសម្លាញ់ធ្លាប់ឃើញគ្នា ពោលនឹងភិក្ខុ នោះថា អាវុសោ លោករៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា ហើយទៅ ដោយបំណងថា នឹងធ្វើសមណធម៌ តែឥឡូវនេះ មកដើម្បីត្រេកអរ ដោយ ការច្រឡូកច្រឡំដោយពួកគណៈ កិច្ចនៃបព្វជិតរបស់លោកដល់ទីបំផុតហើយ ឬហ្ន៎ លោកជាបុគ្គលមិនមានបដិសន្ធិទេឬ ។ ភិក្ខុនោះពោលថា អាវុសោទាំងឡាយ ខ្ញុំមិនបានមគ្គ ឬផល ទើបគិតថា អញប្រហែលជាអភព្វប