អដ្ឋកថា តណ្ឌុលនាឡិជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងជេតពនមហាវិហារ ទ្រង់ប្រារព្ធ ព្រះលោឡុទាយិត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កិមគ្ឃតី តណ្ឌុលនាឡិកា ច ដូច្នេះជាដើម ។ សម័យនោះ ព្រះទព្វមល្លបុត្រ បានជាភត្តុទ្ទេសក៍របស់សង្ឃ កាលព្រះ ទព្វមល្លបុត្រនោះ សម្តែងសលាកភត្តជាដើមអំពីព្រលឹម ជួនកាល ភត្តល្អ ក៏ដល់លំដាប់ឧទាយិត្ថេរ ជួនកាល ភត្តអាក្រក់ ក្នុងថ្ងៃដែលបានភត្តអាក្រក់ ព្រះឧទាយិត្ថេរនោះ ក៏ធ្វើរោងស្លាកឲ្យវឹកវរ ពោលថា ព្រះទព្វៈបុណ្ណោះដឹង ដើម្បីឲ្យស្លាកឬ ពួកយើងមិនដឹងទេឬ ។ កាលព្រះឧទាយីនោះធ្វើរោងស្លាក ឲ្យវឹកវរ ភិក្ខុទាំងឡាយបានឲ្យល្អីស្លាក ដោយពាក្យថា ណ្ហើយចុះ សូមលោក ឲ្យស្លាកឥឡូវនេះ ។ ចាប់តាំងអំពីនោះ ព្រះឧទាយីនោះ បានឲ្យស្លាកដល់ សង្ឃ កាលនឹងឲ្យ រមែងមិនដឹងថា នេះភត្តល្អ ឬភត្តអាក្រក់ឡើយ ឬរមែង មិនដឹងថា ភត្តល្អតម្កល់ក្នុងរោងនោះ ភត្តអាក្រក់តម្កល់ក្នុងរោងនោះ កាល ធ្វើការពិនិត្យបញ្ជី មិនកំណត់ថា បញ្ជីសម្តែងសរុបចំនួនក្នុងរោងនោះ ។ ក្នុង កាលដែលភិក្ខុទាំងឡាយឈរ ក៏គូសត្រង់ផែនដី ឬត្រង់ជញ្ជាំងឲ្យដឹងថា ក្នុង ទីនេះ បញ្ជីដែលតាំងលំដាប់នេះឈរក្នុងទីនេះ បញ្ជីតាំងលំដាប់នេះឈរ ។ ស្អែកឡើង ក្នុងរោងស្លាក មានភិក្ខុតិចជាងខ្លះ ច្រើនជាងខ្លះ កាលភិក្ខុទាំងឡាយនោះតិចជាង ស្នាមគំនូសក៏ទាប កាលភិក្ខុទាំងឡាយច្រើនជាង ស្នាម គំនូសក៏ខ្ពស់ ។ ព្រះឧទាយីនោះ មិនដឹងបញ្ជីដែលតាំងលំដាប់ ទើបឲ្យស្លាក