អដ្ឋកថា គដ្ឋហារិជាតកទី ៧

ក្បាលទី 45 · ទំព័រ 281

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ព្រះនាងវាសភខត្តិយា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បុត្តោ ត្យាហំ មហារាជ ដូច្នេះជាដើម ។ រឿងព្រះនាងវាសភខត្តិយា មានជាក់ច្បាស់ហើយក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ បានឮថា ព្រះនាងវាសភខត្តិយានោះ ជាព្រះរាជធីតារបស់ ព្រះបាទសក្យមហានាម ប្រសូតចាកគភ៌របស់ទាសី ឈ្មោះនាគមណ្ឌា សម័យ ក្រោយមក បានជាអគ្គមហេសីរបស់ព្រះបាទបសេនទិកោសល ព្រះនាង ប្រសូតព្រះរាជឱរស ។ ក្រោយមក ព្រះរាជាទ្រង់ដឹងថា ព្រះនាងជាទាសី ទើបទ្រង់ដកតំណែង សូម្បីវិឌូឌភៈជាឱរសក៏ត្រូវដកតំណែងដូចគ្នា ម្តាយកូន ទាំង ២ នៅក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គនោះឯង ។ ព្រះសាស្តាទ្រង់ ជ្រាបហេតុនោះ ក្នុងពេលល្ងាច ទ្រង់ចោមរោមដោយភិក្ខុ ៥០០ យាងទៅកាន់ ព្រះរាជនិវេសន៍របស់ព្រះរាជា គង់លើអាសនៈដែលគេក្រាលហើយ ត្រាស់ ថា ព្រះនាងវាសភខត្តិយា ប្រថាប់នៅទីណា ។ ទើបព្រះរាជាក្រាបទូលហេតុ នោះឲ្យទ្រង់ជ្រាប ព្រះសាស្តាត្រាស់សួរថា មហាបពិត្រ ព្រះនាងវាសភខត្តិយា ជាធីតារបស់អ្នកណា ព្រះរាជាទូលថា ជាធីតារបស់មហានាម ។ ព្រះសាស្តា ត្រាស់សួរថា កាលព្រះនាងវាសភខត្តិយាយាងមក យាងមកដើម្បីអ្នកណា ព្រះរាជាទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដើម្បីខ្ញុំព្រះអង្គនោះឯង ព្រះសាស្តា ត្រាស់ថា មហាបពិត្រ ព្រះនាងវាសភខត្តិយានេះ ជាធីតារបស់ព្រះ រាជា និងមកដើម្បីព្រះរាជា ព្រោះអាស្រ័យព្រះរាជានោះឯង ទើបបានឱរស ព្រោះហេតុអ្វី ទើបព្រះរាជឱរសនោះមិនបានជាម្ចាស់របស់រាជសម្បត្តិ ដែល ជារបស់ព្រះបិតា ។ ព្រះរាជាទាំងឡាយក្នុងកាលមុន បានព្រះឱរសក្នុងគភ៌ របស់ស្រីរកឧស ដែលជាភរិយាម្តងម្កាល ក៏គង់ព្រះរាជទ