អដ្ឋកថា គាមណិជាតកទី ៨

ក្បាលទី 45 · ទំព័រ 288

ព្រះសាស្តា កាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ភិក្ខុលះបង់សេចក្តីព្យាយាម ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា អបិ អតរមានានំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ន និងរឿងអតីត ក្នុងជាតកនេះ មានច្បាស់ក្នុងសំវរជាតក ឯកាទសកនិបាត ក្នុងសំវរជាតកនោះ និងជាតកនេះ ជារឿងដូចគ្នាតែមួយ តែគាថាផ្សេងគ្នា មានសេចក្តីសង្ខេបថា គាមណិកុមារតាំងនៅក្នុងឱវាទរបស់ ព្រះពោធិសត្វ សូម្បីជាព្រះកនិដ្ឋារបស់ព្រះភាតា ១០០ ព្រះអង្គ ក៏ជាបុគ្គល ដែលព្រះភាតាទាំង ១០០ អង្គចោមរោម ប្រថាប់គង់លើបល្ល័ង្កដ៏ប្រសើរ ខាងក្រោម ស្វេតច្ឆត្រ ទតយសសម្បត្តិរបស់ព្រះអង្គ ទ្រង់ត្រេកអរថា យសសម្បត្តិ របស់អញនេះ ជារបស់អាចារ្យនៃអញ ទើបទ្រង់បន្លឺឧទានថា ការប្រាថ្នានូវផល តែងសម្រេចព្រម ដល់ពួកជនអ្នកមិនរួសរាន់ អញជាអ្នកមានព្រហ្មចារ្យចាស់ថ្លាហើយ ម្នាលគាមណិ អ្នកចូរដឹង យ៉ាងនេះចុះ ដូច្នេះ ។ បណ្តាបទទាំងនោះ សព្ទថា អបិ ត្រឹមតែជានិបាត ។ បទថា អតរមានានំ បានដល់ ដែលតាំងនៅក្នុងឱវាទរបស់បណ្ឌិតទាំងឡាយដែលមិនរួសរាន់ ធ្វើការដោយឧបាយ ។ បទថា ផលាសាវ សមិជ្ឈតិ សេចក្តីថា ការ សង្ឃឹមក្នុងផលដែលប្រាថ្នា ឈ្មោះថា រមែងសម្រេចពិត ព្រោះការសម្រេច ផលនោះ ។ ម្យ៉ាងទៀត បទថា ផលាសា បានដល់ ផលនៃការសង្ឃឹម ផលតាមដែលប្រាថ្នា រមែងសម្រេចនោះឯង ។ ក្នុងបទថា វិបក្កព្រហ្មចរិយោស្មិ នេះ សង្គហវត្ថុ ៤ ឈ្មោះថា ព្រហ្មចរិយៈ ព្រោះជាការប្រព្រឹត្តដ៏ ប្រសើរ ព្រហ្មចរិយៈនោះ ឈ្មោះថា ចាស់ក្លាហើយនោះឯង ព្រោះបាន ចំពោះយសសម្បត្តិ ដែលមានសង្គហវត្ថុនោះជាមូល យសដែលសម្រេច ដោយគាមណិកុមារនោះ ឈ្មោះថា ព្រហ្មចរិយៈ ព្រោះអត្ថថា ប្រសើរ ។