អដ្ឋកថា តិបល្លត្ថជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងពទរិការាម នគរកោសម្ពី ទ្រង់ ប្រារព្ធរាហុលត្ថេរដែលប្រាថ្នាចំពោះការសិក្សា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា មិគំ តិបល្លត្ថំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា សម័យមួយ កាលព្រះសាស្តាចូលទៅអាស្រ័យក្រុង អាឡវី គង់នៅក្នុងអគ្គាឡវចេតិយ ឧបាសក ឧបាសិកា ភិក្ខុ និងភិក្ខុនីជាច្រើន ទៅកាន់វិហារដើម្បីស្តាប់ធម៌ ។ ពេលថ្ងៃ មានការស្តាប់ធម៌ កាលកន្លងទៅ ឧបាសិកា និងភិក្ខុនីទាំងឡាយមិនទៅ មានតែពួកភិក្ខុ និងឧបាសកទាំងឡាយ តាំងអំពីនោះ ទើបកើតមានការស្តាប់ធម៌នៅពេលយប់ ក្នុងពេលចប់ ការស្តាប់ធម៌ ភិក្ខុទាំងឡាយដែលជាថេរៈ នាំគ្នាទៅកាន់លំនៅរៀងៗ ខ្លួន ភិក្ខុ កំលោះ និងពួកឧបាសក ដេកត្រង់ឧបដ្ឋានសាលា គឺរោងឆាន់ ។ កាលពួកភិក្ខុ កំលោះ និងពួកឧបាសកទាំងនោះចូលដល់នូវការនិទ្រា អ្នកខ្លះដេកស្រមុក ខ្លះដេកសង្កៀតធ្មេញ ខ្លះដេកមួយស្របក់ក្រោកឡើង ។ ពួកឧបាសកឃើញ អាការចម្លែករបស់ភិក្ខុកំលោះ ទើបក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុណាមួយដេកជាមួយនឹងអនុបសម្បន្ន ត្រូវអាបត្តិបាចិត្តិយៈ ដូច្នេះហើយ យាងទៅកាន់នគរកោសម្ពី ។ ក្នុងការដែលទ្រង់បញ្ញត្តសិក្ខាបទនោះ ទើបភិក្ខុទាំងឡាយពោលនឹងរាហុលថា អាវុសោរាហុល ព្រះសាស្តាទ្រង់បញ្ញត្តសិក្ខាបទហើយ ឥឡូវនេះ ចូរអ្នកដឹង លំនៅរបស់ខ្លួន ។ កាលមុន ភិក្ខុទាំងឡាយបានសង្គ្រោះព្រះរាហុលនោះ ដែលមកកាន់លំនៅរៀងៗ ខ្លួន យ៉ាងល្អ ព្រោះអាស្រ័យសេចក្តីគោរពក្នុង ព្រះសាស្តា និងភាពដែលព្រះរាហុលនោះប្រាថ្នាចំពោះការសិក្សា បានក្រាល គ្រែតូច ឲ្យចីវរដើម្បីកើយ តែថ្ងៃនោះ សូម្បីតែលំនៅ ក៏មិនបានឲ្យ ព្រោះ ខ្លាចចំពោះសិក្ខ