អដ្ឋកថា កុក្កុរជាតកទី ២
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធការប្រព្រឹត្តប្រយោជន៍ដល់ញាតិ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា យេ កុក្កុរា ដូច្នេះជាដើម ។ ការប្រព្រឹត្តប្រយោជន៍ដល់ញាតិនោះ នឹងមានជាក់ច្បាស់ក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ព្រះសាស្តាទ្រង់តាំងរឿងនេះហើយ ទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក ្នុងនគរ ពារាណសី ព្រះពោធិសត្វទ្រង់អាស្រ័យកម្មបែបនោះ កើតក្នុងកំណើតសុនខ ចោមរោមដោយបរិវារមិនមែនតិច នៅក្នុងមហាស្មសាន ។ សម័យថ្ងៃមួយ ព្រះរាជាយាងឡើងរថ ទឹមដោយសេះសិន្ធពពណ៌ស ប្រដាប់ដោយគ្រឿង ប្រដាប់ទាំងពួង យាងទៅកាន់ព្រះរាជឧទ្យាន ទ្រង់ក្រសាលក្នុងព្រះរាជឧទ្យាននោះ អស់ចំណែកនៃថ្ងៃ កាលព្រះអាទិត្យអស្តង្គត ទើបយាងចូល ព្រះនគរ រាជបុរសទាំងឡាយ ដាក់ខ្សែស្បែករថនោះតាមដែលចងនោះឯង ត្រង់លានព្រះរាជវាំង ។ កាលភ្លៀងធ្លាក់ពេលយប់ រថនោះក៏សើមដោយ ភ្លៀង ឯឆ្កែដែលចិញ្ចឹមក្នុងរាជត្រកូល ចុះអំពីប្រាសាទជាន់លើ កកេរព្រ័ត្រ និងកូនកំព្រានៃរថនោះ ។ ស្អែកឡើង ទើបពួករាជបុរសក្រាបទូលព្រះរាជា ថា បពិត្រព្រះសម្មតិទេព ឆ្កែទាំងឡាយ ចូលមកតាមលូទឹក កកេរព្រ័ត្រ និង កូនកំព្រារបស់រថនោះ ព្រះរាជាទ្រង់ព្រះពិរោធនឹងឆ្កែ ទើបត្រាស់ថា ចូរពួក អ្នកសម្លាប់ឆ្កែក្នុងទីដែលបានឃើញហើយ ។ តាំងអំពីនោះមក ការវិនាសធំ កើតឡើងដល់ពួកឆ្កែ ។ ឆ្កែទាំងនោះ កាលត្រូវសម្លាប់ក្នុងទីដែលប្រទះ ទើប រត់ចូលទៅក្នុងព្រៃ នាំគ្នាទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វសួរ ថា អ្នកទាំងឡាយ នាំគ្នាមកប្រជុំព្រោះហេតុអ្វីហ្ន៎ ឆ្កែទាំងនោះពោលថា ព្រះរាជា ទ្រង់ក្រោធ