អដ្ឋកថា តិត្ថជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ធ្លាប់ជាជាងមាសមួយរូប ជាសទ្ធិវិហារិករបស់ព្រះធម្មសេនាបតី ទើបត្រាស់ ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អញ្ញមញ្ញេហិ តិត្ថេហិ ដូច្នេះជាដើម ។ អាសយានុសយញ្ញាណ រមែងមានដល់ព្រះពុទ្ធទាំងឡាយបុណ្ណោះ មិន មានដល់អ្នកដទៃ ព្រោះដូច្នោះ ទើបព្រះធម្មសេនាបតីមិនដឹងអាសយៈ គឺ អធ្យាស្រ័យ និងអនុស័យ គឺកិលេសដែលត្រាំក្នុងសន្តានរបស់សទ្ធិវិហារិក ព្រោះភាពដែលខ្លួនមិនមានអាសយានុសយញ្ញាណ ទើបប្រាប់ចំពោះអសុភកម្មដ្ឋានបុណ្ណោះ អសុភកម្មដ្ឋាននោះ មិនជាទីសប្បាយដល់សទ្ធិវិហារិកនោះ ព្រោះហេតុអ្វី ព្រោះបានឮថា សទ្ធិវិហារិករបស់ព្រះធម្មសេនាបតីនោះ បដិសន្ធិក្នុងផ្ទះរបស់ជាងមាសបុណ្ណោះ អស់ ៥០០ ជាតិ តាមលំដាប់ កាលបើ ដូច្នោះ ទើបអសុភកម្មដ្ឋាន មិនជាទីសប្បាយដល់សទ្ធិវិហារិកនោះ ព្រោះជា អ្នកធ្លាប់ គឺជិតស្និទ្ធក្នុងការឃើញមាសបរិសុទ្ធបុណ្ណោះ អស់កាលដ៏យូរ សទ្ធិវិហារិកនោះ មិនអាចធ្វើត្រឹមតែនិមិត្តឲ្យកើតឡើងក្នុងកម្មដ្ឋានោះបាន ឲ្យ កាលកន្លងទៅ ៤ ខែ ។ ព្រះធម្មសេនាបតី កាលមិនអាចឲ្យអរហត្តដល់ សទ្ធិវិហារិករបស់ខ្លួន ទើបគិតថា ភិក្ខុនេះជាពុទ្ធវេនេយ្យពិតប្រាកដ អញនឹង នាំទៅកាន់សម្នាក់នៃព្រះតថាគត ទើបនាំសទ្ធិវិហារិកនោះ ទៅកាន់សម្នាក់ របស់ព្រះសាស្តាដោយខ្លួនឯងអំពីព្រលឹម ។ ព្រះសាស្តាត្រាស់សួរថា ម្នាល សារីបុត្រ អ្នកនាំភិក្ខុមួយរូបមកឬ ។