អដ្ឋកថា កុលាវកជាតកទី ១
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ផឹកទឹកមិនត្រង ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កុលាវកា ដូច្នេះជាដើម ។ បានឮថា ភិក្ខុកំលោះ ២ រូប ជាសម្លាញ់នឹងគ្នា ចេញអំពីក្រុងសាវត្ថី ទៅកាន់ជនបទ នៅក្នុងទីផាសុកមួយកន្លែងតាមអធ្យាស្រ័យ ហើយគិតថា នឹង គាល់ព្រះសម្មាសម្ពុទ្ធ ទើបចេញអំពីជនបទនោះ បែរមុខទៅកាន់វត្តជេតពន ទៀត ។ ភិក្ខុមួយរូបមានតម្រងទឹក ចំណែកមួយរូបមិនមាន ភិក្ខុទាំង ២ រូប ក៏រួមគ្នាត្រងទឹកផឹក ហើយទើបផឹក ។ ថ្ងៃមួយ ភិក្ខុទាំង ២ រូបនោះ បានធ្វើ វិវាទឈ្លោះប្រកែកគ្នា ។ ភិក្ខុដែលជាម្ចាស់តម្រងទឹក មិនឲ្យតម្រងទឹក ដល់ ភិក្ខុមួយរូបទៀតត្រងទឹកផឹកចំពោះខ្លួនឯង ហើយផឹក ឯភិក្ខុក្រៅអំពីនេះ កាល មិនបានតម្រងទឹក មិនអាចអត់សង្កត់សេចក្តីស្រេក ទើបផឹកទឹកដែលមិនបាន ត្រង ភិក្ខុទាំង ២ នោះ មកដល់ជេតពនវិហារដោយលំដាប់ ថ្វាយបង្គំព្រះសាស្តា ហើយ អង្គុយ ។ ព្រះសាស្តាទ្រង់ត្រាស់សម្មោទនីយកថាហើយ ត្រាស់ សួរថា ពួកអ្នកមកអំពីណា ភិក្ខុទាំង ២ នោះ ក្រាបទូលថា បពិត្រព្រះអង្គ ដ៏ចម្រើន ពួកខ្ញុំព្រះអង្គមកអំពីស្រុកមួយ ក្នុងកោសលជនបទ ចេញអំពីស្រុក នោះមក ដើម្បីគាល់ព្រះអង្គ ព្រះសាស្តាត្រាស់សួរថា ពួកអ្នកជាអ្នកស្រឡាញ់ គ្នា នាំគ្នាមកឬ ភិក្ខុមិនមានតម្រងទឹកទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ នេះវិវាទជាមួយខ្ញុំព្រះអង្គក្នុងចន្លោះផ្លូវ ហើយមិនឲ្យតម្រងទឹក ។ ភិក្ខុមួយរូប ទៀតក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះមិនត្រងទឹក ផឹកទឹកដែល មានសត្វទាំងដឹងខ្លួននោះឯង ។