អដ្ឋកថា មច្ឆជាតកទី ៤
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ លួងលោមរបស់ភរិយាចាស់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ន មំ សីតំ ន មំ ឧណ្ហំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាល ភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតហើយ ព្រះអង្គ ។ ព្រះសាស្តាត្រាស់សួរថា ព្រោះហេតុអ្វី ទើបអ្នកអផ្សុកភិក្ខុ នោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរាណភរិយារបស់ខ្ញុំព្រះអង្គ ជាអ្នកមានថ្វីដៃឆ្ងាញ់ ខ្ញុំព្រះអង្គមិនអាចលះបង់នាង ។ គ្រានោះ ព្រះសាស្តា បានត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ស្រីនោះ ជាអ្នកធ្វើនូវសេចក្តីវិនាសដល់ អ្នកក្នុងកាលមុន កាលអ្នកដល់នូវការស្លាប់ ព្រោះអាស្រ័យស្រីនោះ តែផុត ចាកសេចក្តីស្លាប់ ព្រោះអាស្រ័យតថាគត ហើយទ្រង់នាំអតីតនិទានមក សម្តែងដូចតទៅក្នុង អតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបានជាបុរោហិតរបស់ព្រះបាទព្រហ្មទត្តនោះ ក្នុង កាលនោះ ពួកអ្នកប្រមង់បានបង់សំណាញ់ក្នុងទឹក កាលនោះត្រីធំមួយ មក លេងជាមួយត្រីញីរបស់ខ្លួន ដោយការត្រេកអរ ។ ត្រីញីនោះហែលទៅខាងមុខ របស់ត្រីធំនោះ បាននូវក្លិនសំណាញ់ ទើបគេចទៅ ។ ឯត្រីធំនោះ ជាប់ ក្នុងកាម ជាត្រីល្ងង់ បានចូលទៅក្នុងសំណាញ់នោះឯង ។ ពួកអ្នកប្រមង់ ដឹងថា ត្រីធំនោះជាប់សំណាញ់ ទើបលើកសំណាញ់ឡើង ចាប់យកត្រី មិន សម្លាប់ បោះទៅលើឆ្នេរខ្សាច់ គិតថា នឹងអាំងស៊ី ទើបបង្កាត់ភ្លើង សម្រួច ឈើអណ្តោត ។ ត្រីខ្សឹកខ្សួលថា ការអាំងលើរងើកភ្លើង ឬការដោតដោយ ឈើស្រួចនោះ ឬអ្វីៗ ដទៃ មិនធ្វើឲ្យអញលំបាកឡើយ តែត្