អដ្ឋកថា សកុណជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល ត្រូវភ្លើងឆេះបណ្ណសាលា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យន្និស្សិតា ដូច្នេះជាដើម ។ បានឮថា ភិក្ខុនោះរៀនកម្មដ្ឋានក្នុងសម្នាក់របស់ព្រះសាស្តា ហើយចេញ អំពីវត្តជេតពនមហាវិហារ ទៅអាស្រ័យបច្ចន្តគាម ក្នុងកោសលជនបទ ក្នុង សេនាសនៈព្រៃមួយកន្លែង ។ លំដាប់នោះ បណ្ណសាលារបស់ភិក្ខុនោះ ត្រូវ ភ្លើងឆេះក្នុងខែដំបូងនោះឯង ភិក្ខុនោះគិតថា បណ្ណសាលារបស់អញត្រូវភ្លើង ឆេះហើយ អញនៅលំបាក ទើបប្រាប់ដល់មនុស្សទាំងឡាយៗ អាងដល់ ការងារនោះៗ យ៉ាងនេះថា ឥឡូវនេះ ស្រែរបស់ពួកខ្ញុំក្រៀមស្ងួត ពួកខ្ញុំនឹង បាចទឹកបញ្ចូលក្នុងស្រែហើយ សឹមធ្វើឲ្យ កាលបាចទឹកបញ្ចូលស្រែហើយ ព្រោះពូជ កាលព្រោះពូជហើយ ធ្វើរបង កាលធ្វើរបងហើយ ថែទាំ កាល ថែទាំហើយ ច្រូត កាលច្រូតហើយ បោកបែន ដូច្នេះ បានឲ្យកាលវេលា កន្លងទៅ ៣ ខែ ភិក្ខុនោះលំបាកក្នុងទីវាលអស់ ៣ ខែ មិនអាចចម្រើនកម្ម ដ្ឋាន ញ៉ាំងគុណវិសេសឲ្យកើត កាលបវារណាហើយ ក៏ទៅកាន់សម្នាក់ របស់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយនាចំណែកម្ខាង ។ ព្រះសាស្តាទ្រង់ ធ្វើបដិសណ្ឋារៈជាមួយភិក្ខុនោះ ហើយត្រាស់សួរថា ម្នាលភិក្ខុ អ្នកនៅចាំ វស្សាដោយស្រួលឬ កម្មដ្ឋានរបស់អ្នកដល់ទីបំផុតហើយឬ ។ ភិក្ខុនោះក្រាប ទូលរឿងនោះ ហើយទូលថា បពិត្រព្រះអង្គដ៏ចម្រើន កម្មដ្ឋានរបស់ខ្ញុំព្រះអង្គ មិនដល់ទីបំផុតទេ ព្រោះមិនមានសេនាសនៈដែលជាសប្បាយ ។ ព្រះសាស្តា ត្រាស់ថា ម្នាលភិក្ខុ ក្នុងកាលមុន សូម្បីតែសត្វតិរច្ឆានទាំងឡាយ ក៏គង់ដឹង ទីដែលជាសប្បាយ និងមិនសប្បាយរបស់ខ្លួន ព្រោះហេតុអ្វី ទើបអ្នកមិនដឹង ហើយទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅក