អដ្ឋកថា តិត្តិរជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់ប្រារព្ធការ ហាមសេនាសនៈព្រះសារីបុត្រ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា យេ វុឌ្ឍមបចាយន្តិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលអនាថបិណ្ឌិកសេដ្ឋីសាងវិហារស្រេចហើយ បញ្ជូនទូតទៅនិមន្តព្រះសាស្តាៗ យាងចេញអំពីនគររាជគ្រឹះ ដល់នគរវេសាលី គង់នៅក្នុងនគរវេសាលីនោះ តាមពេញព្រះហបឫទ័យ ហើយទ្រង់ព្រះតម្រិះថា នឹងទៅនគរសាវត្ថី ទើបយាងទៅតាមផ្លូវ ។ សម័យនោះ អន្តេវាសិកទាំងឡាយ របស់ឆព្វគ្គិយភិក្ខុនាំគ្នាចេញដំណើរទៅមុន កាលព្រះថេរៈទាំងឡាយ មិនទាន់បានទៅរកសេនាសនៈ នាំគ្នាហួងហែងសេនាសនៈ ដោយការពោល ថា សេនាសនៈនេះជារបស់ឧបជ្ឈាយ៍ពួកយើង សេនាសនៈនេះជារបស់ អាចារ្យពួកយើង សេនាសនៈនេះជារបស់ពួកយើងបុណ្ណោះ ។ ព្រះថេរៈទាំងឡាយ ដែលមកឯក្រោយ មិនបានសេនាសនៈ ។ អន្តេវាសិកទាំងឡាយរបស់ សារីបុត្តត្ថេរ នាំគ្នាស្វែងរកសេនាសនៈដើម្បីព្រះថេរៈក៏មិនបាន ។ ព្រះថេរៈ កាលមិនបានសេនាសនៈ ទើបសម្ងំដោយការអង្គុយ និងការដើរចង្រ្កម ត្រង់ គល់ឈើមួយកន្លែង ក្នុងទីដែលមិនឆ្ងាយអំពីសេនាសនៈរបស់ព្រះសាស្តា នោះឯង ។ ក្នុងពេលជិតភ្លឺ ព្រះសាស្តាយាងចេញមក ទ្រង់ព្រះឧកាសិតៈ គឺគ្រហែម ព្រះថេរៈក៏គ្រហែមតប ព្រះសាស្តាត្រាស់សួរថា នុ៎ះជានរណា ព្រះសារីបុត្រក្រាបទូលថា ខ្ញុំព្រះអង្គ សារីបុត្រ ។ ព្រះសាស្តាត្រាស់សួរថា ម្នាលសារីបុត្រ អ្នកធ្វើអ្វីក្នុងទីនេះ ពេលនេះ ។ ទើបព្រះសារីបុត្រទូលរឿង នោះ ។ កាលព្រះសាស្តា ទ្រង់ស្តាប់ពាក្យរបស់ព្រះសារីបុត្រហើយ ទ្រង់ រំពឹងថា សូម្បីតថាគតនៅមានជីវិត ភិក្ខុទាំងឡាយមិនគោរព មិនកោតក្រែង ដល់គ្នានិងគ្នា កាលតថាគតបរិនិព្វានទៅហើយ ភិក្ខុទាំងឡាយនឹ