អដ្ឋកថា ខទិរង្គារជាតកទី ១០

ក្បាលទី 45 · ទំព័រ 501

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធទានរបស់អនាថបិណ្ឌិកសេដ្ឋី ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា នាមំ បតាមិ និរយំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា លោកអនាថបិណ្ឌិកសេដ្ឋី ប្រារព្ធចំពោះវិហារបុណ្ណោះ ចំណាយនូវទ្រព្យ ៥៤ កោដិ ក្នុងព្រះពុទ្ធសាសនា មិនបានធ្វើសេចក្តីសម្គាល់ ក្នុងវត្ថុដទៃថា ជារតនៈក្រៅអំពីរតនៈទាំង ៣ ឲ្យកើតឡើយ ។ កាលព្រះសាស្តា គង់នៅក្នុងជេតពនមហាវិហារ រមែងទៅកាន់ទីបម្រើធំ ៣ ដងរាល់ថ្ងៃ គឺពេលព្រឹកទៅម្តង ទទួលទានអាហារព្រឹកហើយទៅម្តង ពេលល្ងាចទៅម្តង ទីបម្រើក្នុងរវាងដទៃ ក៏មានដូចគ្នា ។ កាលនឹងទៅ មិនធ្លាប់មានដៃទៅទទេ ដោយគិតថា សាមណេរ ឬភិក្ខុកំលោះទាំងឡាយ គប្បីសម្លឹងមើលដៃរបស់ អញ ដោយគិតថា លោកសេដ្ឋីកាន់អ្វីមកហ្ន៎ កាលទៅពេលព្រឹក បានឲ្យ មនុស្សកាន់យាគូទៅ ទទួលទានអាហារព្រឹកហើយ កាលនឹងទៅ ឲ្យមនុស្សក ាន់យកសប្បិ នវនីត ទឹកឃ្មុំ និងទឹកអំពៅជាដើមទៅ កាលទៅក្នុងពេល ល្ងាច កាន់យកគ្រឿងក្រអូប ផ្កា និងសំពត់ទៅ កាលលោកសេដ្ឋីនោះ បរិច្ចាគយ៉ាងនេះរាល់ៗ ថ្ងៃ ប្រមាណក្នុងការបរិច្ចាគ រមែងមិនមាន ។ ឯអ្នក អាស្រ័យការលក់ដូរចិញ្ចឹមជីវិតជាច្រើន ធ្វើបញ្ជីទុកក្នុងដៃរបស់លោកសេដ្ឋី ខ្ចីទ្រព្យទៅ ១៨ កោដិ ។ លោកសេដ្ឋីឲ្យទារយកទ្រព្យរបស់បុគ្គលទាំងនោះ មក ម្យ៉ាងទៀត ទ្រព្យ ១៨ កោដិដទៃ ជាទ្រព្យប្រចាំត្រកូលរបស់សេដ្ឋីនោះ កប់ទុកត្រង់ច្រាំងស្ទឹង កាលច្រាំងត្រូវទឹកស្ទឹងអចិរវតីច្រោះទម្លាយហូរទៅកាន់ មហាសមុទ្រ ។ ក្អមលោហៈដែលបិទ និងប្រថាប់ត្រានោះ ក៏រមៀលទៅក្នុង សមុទ្រ ក្នុងផ្ទះរបស់សេដ្ឋីនោះ នៅមាននិច្ចភត្តជាប្រចាំសម្រាប់ភិក្ខុ ៥០០ រូប ពិតហើយ