អដ្ឋកថា លោសកជាតកទី ១

ក្បាលទី 45 · ទំព័រ 517

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ព្រះលោសកតិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ អត្ថកាមស្ស ដូច្នេះជាដើម ។ ព្រះថេរៈដែលមានឈ្មោះលោសកៈនេះ ជានរណា ។ លោកជាកូនអ្នក ប្រមង់ម្នាក់ ក្នុងដែនកោសល ជាអ្នកទម្លាយវង្សរបស់ខ្លួន មិនមានលាភ មកបួសក្នុងពួកភិក្ខុ ។ បានឮថា លោកចុតិអំពីទីដែលកើតហើយ បដិសន្ធិក្នុងផ្ទៃរបស់ស្រីអ្នក ប្រមង់ម្នាក់ ក្នុងស្រុកអ្នកប្រមង់មួយកន្លែង ដែលនៅរួមគ្នា ១០០០ ត្រកូល ក្នុងដែនកោសល ។ ក្នុងថ្ងៃកុលបុត្តនេះបដិសន្ធិ អ្នកប្រមង់រាប់ពាន់គ្រួសារ នោះ នាំគ្នាកាន់សំណាញ់ដើររកត្រីក្នុងអូរ និងបឹង មិនបានសូម្បីត្រឹមតែត្រី តូចមួយ ។ តាំងអំពីថ្ងៃនោះមក ពួកអ្នកប្រមង់ទាំងនោះ ក៏នាំគ្នាទ្រុឌទ្រោម នោះឯង ។ កាលនៅក្នុងផ្ទៃម្តាយនោះសោត ផ្ទះរបស់អ្នកប្រមង់ទាំងនោះ ត្រូវ ភ្លើងឆេះអស់ ៧ ដង ត្រូវព្រះរាជាពិន័យអស់ ៧ ដង ។ ដោយន័យនេះ អ្នកប្រមង់ទាំងនោះ ទើបដល់នូវភាពក្រីក្រដោយលំដាប់ ។ ពួកគេគិតគ្នាថា ពីមុន រឿងទំនងបែបនេះ មិនធ្លាប់មានដល់ពួកយើងឡើយ តែឥឡូវនេះ ពួកយើង ដល់នូវការលំបាក ក្នុងចំណោមពួកយើង ពិតជាមានមនុស្សកាឡកិណី ម្នាក់ ពួកយើងចែកគ្នាជា ២ ពួកចុះ ដូច្នេះហើយ ក៏ចែកគ្នាជា ២ ផ្នែក មួយ ផ្នែក ៥០០ ត្រកូល ។ តែមាតាបិតារបស់ទារកនោះនៅក្នុងក្រុមណា ក្រុម នោះក៏លំបាក ក្រុមដទៃចម្រើន ។ ក្រុមដែលជួបការលំបាកនោះ ក៏ចែកគ្នាជា ២ ទៀត ដោយទំនងនោះ រហូតសល់តែមួយត្រកូល ទើបគេទាំងឡាយដឹង ថា បុគ្គលទាំងនោះជាកាឡកិណី ក៏ចោមរោមវាយតប់បណ្តេញចេញទៅ ។ កាលនោះ មាតាបិតារបស់ទារកនោះ ចិញ្ចឹមជីវិតមកដោយការលំបាក លុះ គ្រប់ខែ ក៏កើតក្នុងទីមួយកន្លែង ធ