អដ្ឋកថា មកសជាតកទី ៤
ព្រះសាស្តា កាលយាងចារិកទៅក្នុងពួកជនអ្នកមគធៈ ទ្រង់ប្រារព្ធ អ្នកស្រុកដែលជាបុគ្គលពាល ក្នុងស្រុកមួយកន្លែង ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា សេយ្យោ អមិត្តោ ដូច្នេះជាដើម ។ បានឮមកថា ក្នុងសម័យមួយ ព្រះតថាគតយាងចេញអំពីនគរសាវត្ថី ទៅកាន់ដែនមគធៈ ខណៈកំពុងយាងចារិកទៅក្នុងដែនមគធៈនោះ ទ្រង់ដល់ តំបន់មួយ ។ ស្រុកនោះ កុះករទៅដោយពួកមនុស្សអន្ធពាល ។ ថ្ងៃមួយ ពួក អន្ធពាលប្រជុំប្រឹក្សាគ្នាថា អ្នកទាំងឡាយ ពួកមូសចោមរោមខាំយើង ខណៈ ដែលទៅធ្វើការងារក្នុងព្រៃ ព្រោះហេតុនោះ ការងាររបស់យើងទាំងឡាយ ទើបដាច់ទៅ ពួកយើងនឹងកាន់ធ្នូ អាវុធគ្រប់ដៃនោះឯង នាំគ្នាទៅច្បាំងនឹង មូស សម្លាប់វាចោល ចាក់ទម្លុះវាចោលឲ្យស្លាប់អស់ ដូច្នេះហើយ នាំគ្នាទៅ ព្រៃ ដោយបំណងថា អញនឹងបាញ់ហ្វូងមូស បែរជាបាញ់គ្នាឯង គ្រប់គ្នាដល់ នូវការរបួស ត្រឡប់មកដេកក្នុងស្រុកក៏មាន កណ្តាលស្រុកក៏មាន ត្រង់ទ្វារ ស្រុកក៏មាន ។ ព្រះសាស្តា ចោមរោមដោយភិក្ខុសង្ឃ យាងទៅកាន់ស្រុក នោះ ដើម្បីបិណ្ឌបាត ពួកជនដែលជាបណ្ឌិតដ៏សេសឃើញព្រះមានព្រះភាគ ទើបសាងមណ្ឌបត្រង់ទ្វារស្រុក ថ្វាយមហាទានដល់ព្រះសង្ឃ មានព្រះពុទ្ធ ជាប្រធាន ថ្វាយបង្គំព្រះសាស្តា អង្គុយហើយ ។ គ្រានោះ ព្រះសាស្តាទត ឃើញមនុស្សទាំងឡាយ ដេករបួសក្នុងទីនោះៗ ក៏ត្រាស់សួរឧបាសកទាំងនោះ ថា ជនទាំងនេះធ្វើអ្វី ទើបត្រូវរបួសជាច្រើន ឧបាសកទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មនុស្សទាំងនេះ មូលគំនិតគ្នាថា ពួកយើងនឹងធ្វើ ចម្បាំងនឹងហ្វូងមូស ហើយនាំគ្នាទៅ បែរជាច្បាំងគ្នាឯង ត្រូវរបួសគ្រប់គ្នា ។ ព្រះសាស្តាត្រាស់ថា មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលពួកមនុស្ស អន្ធពា