អដ្ឋកថា វារុណិទូសកជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបុគ្គលបំផ្លាញ ស្រា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន វេ អនត្ថកុសលេន ដូច្នេះជាដើម ។ បានឮមកថា ឈ្មួញស្រាម្នាក់ ជាសម្លាញ់របស់អនាថបិណ្ឌិក ផ្សំស្រា មានរសឆ្ងាញ់ លក់បានមាសប្រាក់ច្រើន ។ ថ្ងៃមួយ កាលមហាជនប្រជុំគ្នា ក្នុងរានផ្សារ ទើបប្រាប់កូនឈ្នួលថា នែបា ពួកអ្នកចូរលក់ស្រាតាមតម្លៃដែល គេទិញ ហើយក៏ទៅងូតទឹក ។ កូនឈ្នួល កាលលក់ស្រាឲ្យមហាជន ឃើញ មនុស្សទាំងនោះ ឲ្យយកអំបិលមកក្លែមបណ្តើរៗ ទើបគិតថា ស្រានេះ ប្រហែលជាមិនប្រៃ អញត្រូវថែមអំបិល ដូច្នេះហើយ ដាក់អំបិលក្នុងស្រា ប្រមាណមួយនាឡិ ដួសលក់ឲ្យដល់ជនទាំងនោះ ។ មនុស្សទាំងនោះផឹកពេញ មាត់ហើយ ក៏ខ្ពុរចោល សួរថា អ្នកធ្វើដូចម្តេច កូនឈ្នួលលក់ស្រាតបថា ខ្ញុំឃើញពួកលោកផឹកស្រា ហើយឲ្យយកអំបិលមកទំពាស៊ី ទើបខ្ញុំដាក់អំបិល ចូលទៅ មនុស្សទាំងនោះនាំគ្នាតិះដៀលកូនឈ្នួលនោះថា វុឺយ បុរសល្ងង់ ហេតុអ្វីធ្វើស្រាល្អបែបនេះឲ្យខូចអស់ ហើយក្រោកឡើងចៀសចេញអស់ទៅ ។ ឈ្មួញស្រាត្រឡប់មក មិនឃើញអ្នកផឹក សូម្បីតែម្នាក់ ទើបសួរថា ពួកអ្នក ផឹកស្រាទៅណាអស់ ទើបកូនឈ្នួលប្រាប់រឿងនោះឲ្យជ្រាប ។ លំដាប់នោះ ឈ្មួញស្រាត្រិះរិះថា វឺុយ បុគ្គលល្ងង់ ឯងធ្វើស្រាល្អឲ្យខូចអស់ ហើយប្រាប់ ហេតុឲ្យអនាថបិណ្ឌិកជ្រាប ។ អនាថបិណ្ឌិកសេដ្ឋីត្រិះរិះថា ឥឡូវនេះ អញ មានរឿងនៃការប្រកបកថាមគ្គហើយ ទៅកាន់វិហារជេតពន ថ្វាយបង្គំព្រះបរមសាស្តា ក្រាបទូលរឿងនោះឲ្យទ្រង់ជ្រាប ។ ព្រះបរមសាស្តាត្រាស់ថា ម្នាល គហបតី មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ ដែលបុគ្គលនេះធ្វើស្រាឲ្យ វិនាស សូម្បីក្នុងកាលមុន ក៏ធ្វើស្រាឲ្យវិនាសហើយដូចគ្ន