អដ្ឋកថា នក្ខត្តជាតកទី ៩
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធអាជីវក ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នក្ខត្តំ បដិមានេន្តំ ដូច្នេះ ជាដើម ។ បានឮថា កុលបុត្តស្រុកក្រៅម្នាក់ ទៅដណ្តឹងកុលធីតាម្នាក់ ក្នុងក្រុង សាវត្ថី ឲ្យដល់កូនប្រុសរបស់ខ្លួន សន្យាគ្នាថា ក្នុងថ្ងៃនោះ នឹងមកទទួលយក កូនក្រមុំទៅ ។ លុះដល់ថ្ងៃនោះ ទើបសួរអាជីវកដែលចូលទៅកាន់ត្រកូល របស់ខ្លួនថា បពិត្រលោកម្ចាស់ ថ្ងៃនេះ ពួកខ្ញុំនឹងធ្វើមង្គលមួយ តើបឫក្សល្អ ដែរឬទេ ។ អាជីវកនោះក្រោធ ពោលថា ជនទាំងនេះ ពីដំបូង មិនសួរអញ សោះ ឥឡូវនេះ ហួសថ្ងៃទៅហើយ បែរជាមកសួរអញ ណ្ហើយចុះ អញ ត្រូវប្រៀនប្រដៅជនទាំងនេះខ្លះ ទើបពោលថា ថ្ងៃនេះ ឫក្សមិនល្អ ពួកអ្នក កុំធ្វើមង្គលក្នុងថ្ងៃនេះឡើយ បើនៅចចេសធ្វើ នឹងវិនាសធំ ។ ពួកមនុស្សក្នុង ត្រកូលនាំគ្នាជឿអាជីវកនោះ មិនទៅទទួលកូនក្រមុំក្នុងថ្ងៃនោះ ។ ឯពួកអ្នកក្រុង ចាត់ការមង្គលព្រមហើយ មិនឃើញជនទាំងនោះមក ក៏ពោលថា ជន ទាំងនោះ កំណត់ថ្ងៃនេះហើយ ក៏មិនមក សូម្បីការងាររបស់ពួកយើងក៏ជិត សម្រេចហើយ រឿងអ្វីដែលត្រូវរង់ចាំជនទាំងនោះ អញលើកធីតារបស់អញ ឲ្យទៅអ្នកដទៃចុះ ហើយក៏លើកធីតាឲ្យដល់ត្រកូលដទៃ ដោយការមង្គល ដែលបានត្រៀមនោះឯង ។ ស្អែកឡើង ទើបជនទាំងនោះនាំគ្នាមក ហើយ ពោលថា សូមពួកអ្នកបញ្ជូនកូនក្រមុំឲ្យពួកយើងចុះ ។ ក្នុងរំពេចនោះ អ្នក ក្រុងសាវត្ថីក៏នាំគ្នា បរិភាសជនទាំងនោះថា ពួកអ្នកសមនឹងឈ្មោះជាមនុស្ស ស្រុកក្រៅ ខ្វះនូវភាពជាមនុស្សល្អ ជាបុគ្គលលាមក កំណត់ថ្ងៃទុកហើយ មើលងាយ មិនមកតាមកំណត់ អ្នកមកផ្លូវណា អញ្ជើញទៅវិញតាមផ្លូវនោះ ឯង ពួកយើង លើកកូនក្រមុំឲ្យអ្នកដទៃហើយ ។ ពួកអ្នកស្រុកក្រៅក៏ឈ្លោះ