អដ្ឋកថា ទុម្មេធជាតកទី ១០
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការបំពេញ នូវលោកត្ថចរិយា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទុម្មេធានំ ដូច្នេះជាដើម ។ គាថានោះ នឹងមានជាក់ច្បាស់ ក្នុងមហាកណ្ញជាតក ក្នុង ទ្វាទសកនិបាតឯណោះ ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងគភ៌ របស់អគ្គមហេសីនៃព្រះរាជាអង្គនោះ ។ កាល ប្រសូតចាកគភ៌មាតាហើយ ពួកញាតិថ្វាយព្រះនាមថា ព្រហ្មទត្តកុមារ ។ លុះមានព្រះជន្ម ១៦ វស្សា ក៏បានសិក្សាសិប្បៈក្នុងនគរតក្កសិលា ចេះចប់ ត្រៃវេទ សម្រេចសិល្ប៍ស្រាស្ត ១៨ ប្រការ ។ ក្នុងកាលតមក ព្រះរាជបិតាទ្រង់ព្រះរាជទានតំណែងឧបរាជដល់ព្រះអង្គ ។ ក្នុងកាលនោះ ប្រជាជនក្នុងក្រុងពារាណសី រាប់អានទេវតាថា ជាវត្ថុ សក្តិសិទ្ធិ នាំគ្នានមស្ការទេវតា សម្លាប់ពពែ ចៀម មាន់ និងជ្រូកសន្ទឹក សន្ធាប់ ធ្វើការបួងសួង បូជាដោយកម្រងផ្កា និងគ្រឿងក្រអូបច្រើនប្រភេទ និងបូជាដោយសាច់ និងឈាម ។ ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា ឥឡូវនេះ ប្រជានុរ្រាស្ត រាប់អានទេវតាថា ជាវត្ថុសក្តិសិទ្ធិ នាំគ្នាសម្លាប់សត្វ មហាជន ធ្ងន់ចិត្តក្នុងអធម៌ដោយច្រើន កាលអញបានរាជសម្បត្តិ ក្រោយអំពីព្រះបិតា សោយទិវង្គត អញនឹងមិនឲ្យសត្វសូម្បីតែមួយ ដល់នូវសេចក្តីលំបាកឡើយត្រ ូវរកឧបាយមិនឲ្យអ្នកណាម្នាក់សម្លាប់សត្វ បំបាត់ជីវិត ឲ្យទាល់តែបាន ។ ថ្ងៃមួយ ទ្រង់យាងដោយរថចេញអំពីព្រះនគរ ទតឃើញមហាជនប្រជុំគ្នា ត្រង់ដើមជ្រៃមួយដើម អ្នកណាចង់បានវត្ថុណាមួយ មានកូនប្រុស កូនស្រី យស និងទ្រព្យជាដើម ក៏នាំគ្នាបន់ក្នុងសម្នាក់របស់ទេវតា ដែលស្ថិតនៅក្នុង ដើមជ្រៃនោះ ទើបទ្រង់ចុះអំពីរថ យាងចូ