អដ្ឋកថា មហាសីលវជាតកទី ១

ក្បាលទី 45 · ទំព័រ 579

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែល មានសេចក្តីព្យាយាមធូរថយ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អាសឹសេថេវ បុរិសោ ដូច្នេះជាដើម ។ មានរឿងសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ពិតឬ ដែលអ្នកជាបុគ្គលមានព្យាយាមធូរថយ កាលលោកទទួលថា ពិតហើយ ព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលនាំសត្វចេញចាក ទុក្ខបានបែបនេះ ហេតុអ្វី ទើបមានសេចក្តីព្យាយាមធូរថយ ក្នុងកាលមុន បណ្ឌិតទាំងឡាយ សូម្បីសាបសូន្យចាករាជសម្បត្តិ ក៏គង់តាំងនៅក្នុងសេចក្តី ព្យាយាមរបស់ខ្លួននោះឯង ធ្វើនូវយសដែលបាត់ទៅហើយឲ្យកើតឡើងបាន ហើយទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងព្រះគភ៌នៃអគ្គមហេសីរបស់ព្រះរាជាអង្គនោះ ក្នុងថ្ងៃថ្វាយព្រះនាម ព្រះញាតិទាំងឡាយបានថ្វាយព្រះនាមថាសីលវកុមារ ។ លុះមានព្រះជន្ម ១៦ វស្សា ទ្រង់សិក្សាសិប្បៈសម្រេចគ្រប់យ៉ាង ក្រោយមក ព្រះរាជបិតាសោយទិវង្គត ទ្រង់បានគ្រងរាជ្យ មានព្រះនាមថា មហាសីលវ- រាជ ។ ទ្រង់ប្រព្រឹត្តធម៌ ទ្រង់ជាធម្មរាជា ។ ទ្រង់ត្រាស់ឲ្យសាងរោងទាន ៦ គឺរោងទាន ៤ ត្រង់ទ្វារនគរទាំង ៤ រោងមួយត្រង់កណ្តាលនគរ រោងមួយត្រ ង់ទ្វារព្រះរាជវាំង ទ្រង់ឲ្យទានដល់ជនអនាថា អ្នកដំណើរ ទ្រង់រក្សាសីល រក្សាឧបោសថ ទ្រង់សម្បូរដោយខន្តី មេត្តា និងករុណា ទ្រង់ឲ្យសព្វសត្វ ត្រេកអរ ដូចញ៉ាំងព្រះឱរស ដែលគង់ប្រថាប់លើភ្លៅឲ្យត្រេកអរ ដូច្នោះ ទ្រង់ គ្រងរាជ្យដោយធម៌ ។