អដ្ឋកថា ផលជាតកទី ៤
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក ដែលឈ្លាសក្នុងការមើលផ្លែឈើម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា នាយំ រុក្ខោ ទុរារុហោ ដូច្នេះជាដើម ។ បានឮមកថា កុដុម្ពិកៈអ្នកក្រុងសាវត្ថីម្នាក់ និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានឲ្យគង់ក្នុងចម្ការរបស់ខ្លួន ថ្វាយបបរ និងរបស់ទំពា ហើយប្រាប់អ្នក យាមចម្ការថា ចូរអ្នកត្រាច់ទៅក្នុងចម្ការជាមួយភិក្ខុទាំងឡាយ ប្រគេនផ្លែឈើ ផ្សេងៗ មានស្វាយជាដើមដល់លោកម្ចាស់ទាំងឡាយចុះ ។ អ្នកថែសួនទទួល ពាក្យហើយ នាំភិក្ខុសង្ឃត្រាច់ទៅក្នុងចម្ការ មើលដើមឈើ ស្គាល់ផ្លែឈើ ដោយស្ទាត់ជំនាញថា ផ្លែនោះខ្ចី ផ្លែនោះមិនទាន់ទុំល្អទេ ផ្លែនោះទុំល្អ គាត់ ពោលយ៉ាងណា ផ្លែឈើនោះក៏យ៉ាងនោះឯង ។ ភិក្ខុទាំងឡាយទៅក្រាបទូល ដល់ព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន អ្នកយាមចម្ការនេះឈ្លាសក្នុងការមើល ផ្លែឈើ ទោះឈរត្រង់ផែនដី សម្លឹងមើលផ្លែឈើហើយ ក៏ដឹងបានថា ផ្លែនោះខ្ចី ផ្លែនោះស្រគាល ផ្លែនោះទុំល្អ គាត់និយាយយ៉ាងណា ផ្លែឈើ នោះក៏យ៉ាងនោះ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកចាំចម្ការ នេះ មិនមែនឈ្លាសក្នុងការមើលផ្លែឈើតែម្នាក់ឯងបុណ្ណោះទេ ក្នុងកាលមុន បណ្ឌិតទាំងឡាយដែលឈ្លាសក្នុងការមើលផ្លែឈើ ក៏ធ្លាប់មានមកហើយ ទ្រង់ នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងក្រុង ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលឈ្មួញរទេះ ចម្រើនវ័យហើយ ធ្វើ ជំនួញដោយរទេះ ៥០០ ។ សម័យមួយ ទៅដល់ព្រៃជ្រៅ ទើបបោះជំរំត្រង់ មាត់ព្រៃ ហៅមនុស្សទាំងឡាយមកប្រជុំ ពោលថា ក្នុងព្រៃនេះ ឈ្មោះថា ដើមឈើពុលមាន ស្លឹកឈើពុលក៏មាន