អដ្ឋកថា កញ្ចនក្ខន្ធជាតកទី ៦

ក្បាលទី 45 · ទំព័រ 613

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ បហដ្ឋេន ចិន្តេន ដូច្នេះជាដើម ។ បានឮថា កុលបុត្តអ្នកក្រុងសាវត្ថីម្នាក់ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ហើយ បួសថ្វាយជីវិតក្នុងព្រះសាសនា គឺព្រះរតនត្រ័យ ។ កាលនោះ អាចារ្យ និងឧបជ្ឈាយ៍របស់លោកទូន្មានដល់សីលថា អាវុសោ ឈ្មោះថា សីល មាន ១ ក៏មាន មាន ២ ក៏មាន មាន ៣ ក៏មាន មាន ៤ ក៏មាន មាន ៥ ក៏មាន មាន ៦ ក៏មាន មាន ៧ ក៏មាន មាន ៨ ក៏មាន មាន ៩ ក៏មាន មាន ១០ ក៏មាន ។ ដែលឈ្មោះថា សីល មានច្រើនយ៉ាង គឺ ចូឡសីល មជ្ឈិមសីល មហាសីល បាតិមោក្ខសំវរសីល ឥន្ទ្រិយសំវរសីល អាជីវបារិសុទ្ធិសីល បច្ចយបដិសេវនសីល ។ ភិក្ខុនោះគិតថា ឈ្មោះថា សីលនេះ មានច្រើនពន់ពេន អញមិនអាចសមាទាន ប្រព្រឹត្តដល់បុណ្ណោះ បាន បព្វជ្ជារបស់អ្នកដែលមិនអាចបំពេញសីលឲ្យបរិបូណ៌បាន នឹងមានប្រយោជន៍អ្វី អញនឹងទៅជាគ្រហស្ថ ធ្វើបុណ្យ ឲ្យទានជាដើម ចិញ្ចឹមកូនប្រពន្ធ កាលគិតយ៉ាងនេះហើយ ក៏ប្រាប់អាចារ្យ និងឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ ខ្ញុំមិនអាចរក្សាសីលបានទេ កាលមិនអាចរក្សាសីលបាន បព្វជ្ជានឹងមានប្រយោជន៍អ្វី ខ្ញុំនឹងលាសិក្ខា សូមលោកម្ចាស់ទទួលបាត្រ និងចីវររបស់លោក ម្ចាស់វិញចុះ ។ លំដាប់នោះ អាចារ្យ និងឧបជ្ឈាយ៍ប្រាប់ភិក្ខុនោះថា អាវុសោ បើដូច្នោះ ចូរលោកទៅថ្វាយបង្គំព្រះទសពល ដូច្នេះហើយ នាំទៅកាន់ធម្មសភា ដែលជាទីគង់នៅរបស់ព្រះសាស្តា ។ ព្រះសាស្តាទតឃើញភិក្ខុនោះ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកនាំ ភិក្ខុដែលមិនប្រាថ្នាមកឬ ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ ចម្រើន ភិក្ខុនេះប្រាប់ថា មិនអ