អដ្ឋកថា តយោធម្មជាតកទី ៨

ក្បាលទី 45 · ទំព័រ 625

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវនមហាវិហារ ទ្រង់ប្រារព្ធ ការខ្នះខ្នែងរបស់ទេវទត្តដើម្បីសម្លាប់ព្រះអង្គនោះឯង ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា យស្សេតេ ច តយោ ធម្មា ដូច្នេះជាដើម ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរ ពារាណសី ។ ទេវទត្តកើតក្នុងកំណើតពានរ រក្សាហ្វូងក្នុងហិមវន្តប្បទេស កាលកូនស្វាដែលអាស្រ័យខ្លួនកើតធំហើយ ក៏ខាំផ្តាច់ពូជរបស់កូន ពានរទាំងនោះ ព្រោះខ្លាចពានរទាំងនេះដណ្តើមហ្វូង ។ ក្នុងកាលនោះ ព្រះពោធិសត្វ ក៏អាស្រ័យពានរនោះឯង បដិសន្ធិក្នុងផ្ទៃរបស់មេស្វាមួយ កាលស្វាញីដឹងថា មានគភ៌ ដើម្បីនឹងរក្សាគភ៌របស់ខ្លួន ក៏បានទៅកាន់ជើងភ្នំមួយដទៃ លុះគភ៌ គ្រប់ខែ ក៏កើតព្រះពោធិសត្វ ។ ព្រះពោធិសត្វចម្រើនវ័យ ដល់នូវភាពជា អ្នកដឹងក្តីហើយ ជាអ្នកសម្បូរដោយកម្លាំង ថ្ងៃមួយ សាកសួរមេថា បពិត្រ អ្នកមែ អ្នកណាជាបារបស់ខ្ញុំ មេស្វាឆ្លើយថា នែបា ពុករបស់បា គ្រប់គ្រង ហ្វូងនៅត្រង់ភ្នំនោះ ព្រះពោធិសត្វពោលថា សូមមែនាំខ្ញុំទៅជួបបាចុះ មេស្វា ពោលថា នែកូន បាមិនអាចចូលជិតពុករបស់បាបានឡើយ ព្រោះពុក របស់បាខាំផ្តាច់អង្គជាតកូន ពានរដែលអាស្រ័យខ្លួនកើត ព្រោះខ្លាចដណ្តើម ហ្វូង ។ ព្រះពោធិសត្វពោលថា នាំខ្ញុំទៅចុះ ខ្ញុំនឹងដឹង ។ ទើបស្វាញីនាំព្រះ ពោធិសត្វមកកាន់សម្នាក់របស់ពានរដែលជាបា ។ ពានរនោះឃើញកូនរបស់ខ្លួនហើយ ក៏គិតថា កូនស្វានេះ កាលធំ មិន ព្រមឲ្យអញគ្រប់គ្រងហ្វូង អញត្រូវសម្លាប់វាក្នុងកាលឥឡូវនេះឯង អញធ្វើជា ឱបវា ហើយរឹតឲ្យណែន ឲ្យអស់ជីវិតទាល់តែបាន ទើបពោលថា នែបា ចូរមកចុះ បាទៅណា បាត់យូរបែបនេះ ដូច្នេះហើយ ធ្វើជាឱបព្រះពោធិសត្វ ហើយរឹតយ៉ាងណែន