អដ្ឋកថា អណ្ឌភូតជាតកទី ២

ក្បាលទី 45 · ទំព័រ 647

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអផ្សុក នោះឯង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ ព្រាហ្មណោ អវាទេសិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ អ្នកអផ្សុក ពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា ស្រីទាំងឡាយ បុគ្គលណាម្នាក់ ក៏រក្សាមិនបាន ក្នុងកាលមុន បណ្ឌិតទាំងឡាយ រក្សាស្រីទុកតាំងអំពីប្រសូតចាកគភ៌ ក៏មិនអាចរក្សាបាន ហើយទ្រង់នាំរឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងព្រះគភ៌ នៃអគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តនោះ កាលទ្រង់ចម្រើនវ័យ ក៏ដល់នូវការសម្រេចក្នុងសិប្បៈគ្រប់ យ៉ាង ក្នុងកាលព្រះរាជបិតាសោយទិវង្គត ក៏បានសោយរាជ្យដោយធម៌ ។ ទ្រង់សព្វព្រះហបឫទ័យលេងបាស្កាជាមួយបុរោហិត កាលទ្រង់លេង ទ្រង់ ច្រៀងនូវគាថា ( ក្នុងកុណាលជាតក ) សម្រាប់ភ្នាល់ថា ស្ទឹងទាំងអស់ មានដំណើរវៀច ព្រៃទាំងអស់ សម្រេចអំពីឈើ ( យ៉ាងណាមិញ ) ពួកស្រីទាំងអស់ ( វៀរលែងតែស្រីដែលមាន កិលេសស្តើង ) កាលបើមានបុគ្គលអ្នកខ្សឹបខ្សៀវ ក៏តែងធ្វើនូវ អំពើលាមកបាន ( យ៉ាងនោះដែរ ) ។ ដូច្នេះបណ្តើរ ដើរនូវបាស្កាមាសលើបន្ទះក្តារប្រាក់បណ្តើរ កាលព្រះរាជា ទ្រង់លេងដោយវិធីនេះ ទ្រង់ឈ្នះជានិច្ច ។ ឯបុរោហិតចាញ់ ។ បុរោហិត កាលទ្រព្យក្នុងផ្ទះរលស់ទៅដោយលំដាប់ ក៏បានគិតថា បើ នៅតែដូច្នេះ ទ្រព្យក្នុងផ្ទះគ្រប់យ៉ាង មុខជាអស់ពិត អញនឹងស្វែងរកមាតុគ្រាម ម្នាក់ ដែលមិនធ្លាប់សេពជាមួយបុរសដទៃ មកទុកក្នុងផ្ទះឲ្យបាន ។