អដ្ឋកថា មុទុលក្ខណជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសភាវៈធម៌ដែលឲ្យបុគ្គលសៅហ្មង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯកា ឥច្ឆា បុរេ អាសិ ដូច្នេះជាដើម ។ បានឮថា បុរសអ្នកក្រុងសាវត្ថីម្នាក់ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ បួសឧទ្ទិសជីវិតក្នុងសាសនា គឺព្រះរតនត្រ័យ ជាព្រះយោគាវចរ បដិបត្តិមធ្យ័ត មិនវៀរកម្មដ្ឋាន ។ ថ្ងៃមួយ ត្រាច់ទៅបិណ្ឌបាតក្នុងនគរសាវត្ថី ឃើញស្រីម្នាក់តែងខ្លួនស្រស់ត្រកាល មិនសង្រួមចក្ខុ សម្លឹងមើលដោយ ភាពជារបស់ស្អាត ។ កិលេសខាងក្នុងរបស់លោកកម្រើកឡើង ដូចដើមឈើ មានជ័រត្រូវឆូតដោយកាំបិត ដូច្នោះ ។ ចាប់អំពីនោះ លោកក៏ធ្លាក់នៅក្នុង អំណាចរបស់កិលេស មិនសប្បាយកាយ និងធូរស្រាលចិត្តឡើយ ឆ្លេឆ្លាដូច សត្វឈ្មុស មិនត្រេកអរក្នុងព្រះសាសនា ទុកសក់ឲ្យដុះវែង ក្រចកវែង ចីវរ សៅហ្មង ។ កាលនោះ ភិក្ខុទាំងឡាយដែលជាសម្លាញ់ឃើញអាការប្រែប្រួល នៃឥន្ទ្រិយរបស់លោក នាំគ្នាសួរថា នែអាវុសោ តើលោកកើតអ្វី ឥន្ទ្រិយ របស់លោកមិនដូចមុន ។ លោកឆ្លើយថា អាវុសោ ខ្ញុំអផ្សុក លែងត្រេកអរ ក្នុងសាសនា ។ ភិក្ខុទាំងឡាយ ក៏នាំលោកទៅកាន់សម្នាក់របស់ព្រះសាស្តា ។ ព្រះសាស្តា ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកនាំភិក្ខុដែលមិនប្រាថ្នាមកឬ ភិក្ខុ ទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះ មិនត្រេកអរឡើយ ទើបព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិនត្រេកអរពិតឬ ភិក្ខុនោះក្រាប ទូលថា ករុណាព្រះអង្គ ។ ព្រះសាស្តាត្រាស់សួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុកភិក្ខុ នោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គកំពុងត្រាច់ បិណ្ឌបាត បានឃើញស្រីម្នាក់ មិនសង្រួមចក្ខុ សម