អដ្ឋកថា កុទ្ទាលជាតកទី ១០

ក្បាលទី 45 · ទំព័រ 699

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធចិត្ត ហត្ថសារីបុត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន តំ ជិតំ សាធុ ដូច្នេះជាដើម ។ បានឮថា ចិត្តហត្ថសារីបុត្ត ជាកុមារកើតក្នុងត្រកូលមួយ ក្នុងនគរសាវត្ថី ថ្ងៃមួយ ភ្ជួរស្រែហើយ គាត់ត្រឡប់ចូលទៅកាន់វិហារ បានភោជនប្រណីត មានរស់ឆ្ងាញ់អំពីបាត្រព្រះថេរៈមួយអង្គ គិតថា សូម្បីអញធ្វើការងារផ្សេងៗ ដោយដៃរបស់ខ្លួន អស់យប់ និងថ្ងៃ ក៏មិនបានអាហារឆ្ងាញ់បែបនេះ អញក៏ គួរជាសមណៈ ដូច្នេះ ។ គាត់បួសហើយ បានប្រមាណកន្លះខែ កាលមិនដាក់ ចិត្តដោយឧបាយ ធ្លាក់ទៅក្នុងអំណាចកិលេស សឹកទៅ លុះលំបាកដោយ អាហារ ក៏មកបួសទៀត រៀនព្រះអភិធម្មដោយឧបាយនេះ សឹកហើយ បួស អស់ ៦ ដង ក្នុងគ្រាទី ៧ ជាអ្នកទ្រទ្រង់ព្រះអភិធម្ម ៧ គម្ពីរ បង្រៀនធម៌ ដល់ភិក្ខុជាច្រើន បំពេញវិបស្សនាបានសម្រេចអរហត្តហើយ ។ កាលនោះ ភិក្ខុដែលជាសម្លាញ់របស់លោក នាំគ្នាបង្អាប់ថា អាវុសោចិត្តហត្ថ ឥឡូវនេះ កិលេសទាំងឡាយរបស់អ្នក មិនចម្រើនដូចកាលមុនទេឬ លោកឆ្លើយថា អាវុសោ តាំងអំពីនេះទៅ ខ្ញុំមិនសមគួរធ្វើជាគ្រហស្ថឡើយ ។ លុះលោក សម្រេចអរហត្តយ៉ាងនេះហើយ មានពាក្យចោទកើតឡើងក្នុងធម្មសភាថា អាវុសោទាំងឡាយ ឧបនិស្ស័យនៃអរហត្តបែបនេះមាន ព្រះចិត្តហត្ថសារីបុត្តត្រ ូវសឹកដល់ ៦ ដង ឱ ភាពជាបុថុជ្ជន មានទោសច្រើនដូច្នេះ ព្រះសាស្តា យាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឈ្មោះថា ចិត្តរបស់បុថុជ្ជនស្រាល សង្កត់សង្កិនបានដោយលំបាក តែងធ្