អដ្ឋកថា វរុណជាតកទី ១
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះតិស្សៈ កូនកុដុម្ពិកៈ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ បុព្វេ ករណីយានិ ដូច្នេះជាដើម ។ បានឮថា ក្នុងថ្ងៃមួយ កុលបុត្តអ្នកក្រុងសាវត្ថីជាសម្លាញ់នឹងគ្នាប្រមាណ ៣០ នាក់ កាន់គ្រឿងក្រអូប ផ្កា និងសំពត់ជាដើម គិតគ្នាថា ពួកយើងនឹង ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា កាលមហាជនចោមរោម នាំគ្នាទៅកាន់ វិហារជេតពន អង្គុយសម្រាកក្នុងរោងឈ្មោះនាគមាឡកៈ និងវិសាលមាឡកៈ ជាដើម ។ លុះវេលាល្ងាច កាលព្រះសាស្តាយាង ចេញអំពីព្រះគន្ធកុដិដែល អប់ហើយដោយក្លិនក្រអូប យាងទៅកាន់ធម្មសភា គង់លើពុទ្ធាសនៈដែល តាក់តែងហើយ ទើបនាំគ្នាទៅកាន់ធម្មសភា មួយអន្លើដោយបរិវារ បូជាព្រះសាស្តា ដោយគ្រឿងក្រអូប និងផ្កា ថ្វាយបង្គំទៀបបាទមូលដែលប្រដាប់ដោយ ចក្រ ទ្រទ្រង់នូវព្រះសិរី ដូចផ្កាឈូករីក ហើយអង្គុយស្តាប់ព្រះធម៌នាចំណែក ម្ខាង ។ ជនទាំងនោះ នាំគ្នាបរិវិតក្កថា យើងទាំងឡាយត្រូវបួស សូម្បីដឹង ទួទៅដល់ធម៌ដែលព្រះសាស្តាទ្រង់សម្តែងហើយ បានទូលំទូលាយ ក្នុងពេល ដែលព្រះតថាគត ទ្រង់ចេញអំពីធម្មសភា ពួកកុលបុត្តទាំងនោះនាំគ្នាចូលទៅ គាល់ថ្វាយបង្គំព្រះសាស្តាហើយ ទូលសូមបព្វជ្ជា ។ ព្រះសាស្តាទ្រង់ប្រទាន បព្វជ្ជាដល់ជនទាំងនោះ ។ ពួកជនទាំងនោះធ្វើឲ្យអាចារ្យ និងឧបជ្ឈាយ៍ ស្រឡាញ់ហើយ បានឧបសម្បទានៅក្នុងសម្នាក់របស់អាចារ្យ និងឧបជ្ឈាយ៍ ៥ វស្សា ទន្ទេញមាតិកាទាំង ២ ស្ទាត់ជំនាញ ហើយដឹងរបស់ដែលជា កប្បិយ និងអកប្បិយ រៀនអនុមោទនា ៣ ជ្រលក់ចីវរហើយ ថ្វាយបង្គំលា អាចារ្យ និងឧបជ្ឈាយ៍ថា ពួកខ្ញុំនឹងបំពេញសមណធម៌ ហើយនាំគ្នាចូល គាល់ព្រះសាស្តា ថ្វាយបង្គំ រួចអង្គុយក្នុងទ