អដ្ឋកថា កុហកជាតកទី ៩

ក្បាលទី 45 · ទំព័រ 849

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុច្រើន ដោយសេចក្តីកុហកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាចាវ កិរ តេ អាសិ ដូច្នេះជាដើម ។ រឿងការកុហកនឹងមានប្រាកដក្នុងឧទ្ទាលជាតក ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី មានជដិលកោងម្នាក់ ជាតាបសភូតកុហក អាស្រ័យនៅក្នុងស្រុក មួយ ។ កុដុម្ពិកៈម្នាក់ បានធ្វើសាលាក្នុងព្រៃឲ្យតាបសនោះ ឲ្យតាបសនៅក្នុង បណ្ណសាលានោះ បដិបត្តិដោយអាហារដ៏ប្រណីត ក្នុងផ្ទះរបស់ខ្លួន ។ កុដុម្ពិកៈសម្គាល់តាបសកោងនោះថា ជាអ្នកមានសីល យកមាស ១០០ ដុំ ទៅកាន់សាលារបស់តាបស កប់ទុកក្នុងផែនដី ព្រោះខ្លាចចោរ ពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់មើលថែមាសនេះផង ។ កាលនោះ តាបសពោលនឹងកុដុម្ពិកៈថា អ្នកនិយាយបែបនេះដល់ជនដែលបានឈ្មោះថា បព្វជិតមិនសមគួរឡើយ ឈ្មោះថា ការចង់បានក្នុងវត្ថុរបស់អ្នកដទៃនៃពួកយើង មិនមានឡើយ ។ កុដុម្ពិកៈពោលថា សាធុ លោកម្ចាស់ ជឿពាក្យ តាបសចៀសចេញទៅ ។ តាបសអាក្រក់ គិតថា អញអាចចិញ្ចឹមជីវិតបាន ដោយទ្រព្យមានប្រមាណបុណ្ណេះ កន្លងទៅបាន ២-៣ ថ្ងៃ ក៏បង្វែរមាស នោះទៅត្រង់ចន្លោះផ្លូវ ហើយត្រឡប់ចូលបណ្ណសាលា ។ ស្អែកឡើង ធ្វើ ភត្តកិច្ចក្នុងផ្ទះរបស់កុដុម្ពិកៈហើយ ពោលយ៉ាងនេះថា យើងអាស្រ័យអ្នក យូរហើយ ការជាប់ជំពាក់ជាមួយពួកមនុស្ស រមែងមិនមាន ធម្មតាការជាប់ជំពាក់ ជាមន្ទិលរបស់បព្វជិត ព្រោះដូច្នោះ អាត្មានឹងសូមលា កុដុម្ពិកៈអង្វរ ហើយអង្វរទៀត ក៏មិនប្រាថ្នានឹងត្រឡប់ គ្រានោះ ទើបកុដុម្ពិកៈពោលនឹង តាបសថា បើដូច្នោះ សូមនិមន្តទៅចុះ ដូច្នេះហើយ ជូនដំណើរដល់ទ្វារស្រុក ទើបត្រឡប់ ។