អដ្ឋកថា វិស្សាសភោជនជាតកទី ៣

ក្បាលទី 45 · ទំព័រ 879

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ប្រារព្ធ ការបរិភោគដោយការទុកចិត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន វិស្សសេ អវិស្សត្ថេ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ក្នុងសម័យនោះ ពួកភិក្ខុដោយច្រើន នាំគ្នាទុកចិត្ត មិនពិចារណា បរិភោគបច្ច័យ ៤ ដែលពួកញាតិប្រគេន ព្រោះគិតថា ម្តាយ របស់អញឲ្យ ពុករបស់អញឲ្យ បងប្រុស ប្អូនប្រុស បងស្រី ប្អូនស្រី មីង មា អប្រុស អំស្រីឲ្យ ជនទាំងនេះ សមគួរនឹងឲ្យដល់អញ តាំងពីគ្រហស្ថ មកហើយ សូម្បីក្នុងពេលអញជាភិក្ខុ ក៏គង់ជាបុគ្គលសមគួរឲ្យ ។ ព្រះសាស្តា ទ្រង់ជ្រាបហេតុនោះ ទ្រង់ព្រះតម្រិះថា កាលនេះ ជាកាលគួរ ដែល តថាគតសម្តែងធម៌ទេសនាដល់ភិក្ខុទាំងឡាយ ដូច្នេះហើយ ទ្រង់ត្រាស់ឲ្យហៅ ភិក្ខុប្រជុំគ្នា ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាភិក្ខុ ត្រូវពិចារណា ហើយ សឹមបរិភោគបច្ច័យ ៤ ដែលពួកញាតិខ្លះ អ្នកដទៃខ្លះ នាំគ្នាឲ្យ ដ្បិត ថា ភិក្ខុដែលមិនពិចារណា ហើយបរិភោគ កាលធ្វើកាលកិរិយា រមែងមិន ផុតចាកអត្តភាពជាយក្ខ និងប្រេត ឈ្មោះថា ការបរិភោគបច្ច័យ ៤ ដែល មិនពិចារណានេះ ដូចគ្នានឹងការបរិភោគថ្នាំពិស សូម្បីបុគ្គលដែលស្និទ្ធស្នាល ឲ្យហើយក៏ដោយ បុគ្គលមិនស្និទ្ធស្នាលឲ្យហើយក៏ដោយ រមែងធ្វើឲ្យស្លាប់ បានទាំងអស់ សូម្បីក្នុងកាលមុន សត្វទាំងឡាយបរិភោគថ្នាំពិស ដែលគេឲ្យ ដោយវិស្សាស ដល់នូវការអស់ជីវិតហើយ ។ កាលភិក្ខុទាំងនោះក្រាបទូល អារាធនា ទើបទ្រង់នាំរឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបានជាសេដ្ឋី មានសម្បត្តិច្រើន អ្នកចិញ្ចឹមគោ របស់សេដ្ឋីម្នាក់ កេងោហ្វូងគោចូលព្រៃ