អដ្ឋកថា មហាសុទស្សនជាតកទី ៥
ព្រះសាស្តា កាលផ្ទំលើព្រះទែនបរិនិព្វាន ទ្រង់ប្រារព្ធពាក្យ របស់ព្រះអានន្ទត្ថេរដែលពោលថា សូមព្រះមានព្រះភាគ ទ្រង់កុំបរិនិព្វាន ក្នុងនគរតូចៗ នេះឡើយ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អនិច្ចា វត សង្ខារា ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលព្រះតថាគតគង់នៅក្នុងវត្តជេតពនមហាវិហារ ព្រះសារីបុត្របរិនិព្វានហើយ ក្នុងបន្ទប់ដែលលោកប្រសូត ក្នុងស្រុកនាលកៈ លុះដល់ថ្ងៃពេញបូណ៌មីខែកត្តិក ព្រះមហាមោគ្គល្លានបរិនិព្វានក្នុងថ្ងៃអមាវសី ក្នុងកាឡបក្ខនៃខែកត្តិកនោះឯង ។ ព្រះសាស្តាទ្រង់ត្រិះរិះថា កាលគូអគ្គសាវ័ក បរិនិព្វានហើយយ៉ាងនេះ តថាគតក៏នឹងបរិនិព្វានក្នុងនគរកុសិនារា ដូច្នេះហើយ ទ្រង់ចារិកទៅដោយលំដាប់ក្នុងនគរនោះ ទ្រង់ផ្ទំដោយអនុដ្ឋានសេយ្យា លើ ព្រះទែន ដាក់ព្រះសីសៈទៅទិសឧត្តរ ចន្លោះដើមរាំងទាំងគូ ។ គ្រានោះ ព្រះអានន្ទ ត្ថេរទូលអារាធនាព្រះអង្គថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់កុំបរិនិព្វានក្នុងនគរកុសិនារានេះ ដែលជានគរតូច នគរទួល ជាសាខានគរឡើយ បពិត្រព្រះអង្គដ៏ចម្រើន នគរធំៗ ឯទៀតក៏មាន ដូចជានគរចម្បា នគររាជគ្រឹះ ជាដើម ។ ព្រះសាស្តាត្រាស់ថា ម្នាលអានន្ទ អ្នកកុំពោលថា នគរនេះ ជា នគរតូច នគរទួល ជាសាខានគរយ៉ាងនេះឡើយ ។ ម្នាលអានន្ទ កាលពី ព្រេងនាយមក មានព្រះរាជាព្រះនាមមហាសុទស្សនៈ ជាក្សត្របានមុទ្ធាភិសេក ( ឥស្សរលើផែនដី ) មានមហាសមុទ្រទាំង ៤ ជាទីបំផុត ព្រះអង្គ