អដ្ឋកថា អសាតរូបជាតកទី ១០

ក្បាលទី 45 · ទំព័រ 929

ព្រះសាស្តា ទ្រង់អាស្រ័យកុណ្ឌិយនគរ គង់នៅក្នុងកុណ្ឌធានវ័ន ទ្រង់ប្រារព្ធឧបាសិកា ឈ្មោះសុប្បវាសាកោលិយធីតា ត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា អសាតំ សាតរូបេន ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងសម័យនោះ ព្រះនាងសុប្បវាសាទ្រង់បរិហារគភ៌ រហូតដល់ ៧ ឆ្នាំ ដោយសេចក្តីទុក្ខ ហើយឈឺព្រះគភ៌អស់ ៧ ថ្ងៃ វេទនា ប្រព្រឹត្តទៅយ៉ាងធ្ងន់ ព្រះនាងសូម្បីត្រូវវេទនាយ៉ាងធ្ងន់ចាក់ដោតយ៉ាងនេះ ក៏ អត់សង្កត់នូវទុក្ខបាន ដោយវិតក្ក ៣ ប្រការ គឺព្រះមានព្រះភាគអង្គណា ទ្រង់សម្តែងធម៌ដើម្បីការលះទុក្ខបែបនេះ ព្រះមានព្រះភាគអង្គនោះ ជាព្រះ សម្មាសម្ពុទ្ធពិតហ្ន៎ ១ សង្ឃសាវ័ករបស់ព្រះមានព្រះភាគអង្គនោះឯណា លោក បដិបត្តិហើយ ដើម្បីការលះទុក្ខបែបនេះ ពួកសាវ័ករបស់ព្រះសាស្តាអង្គនោះ ជាអ្នកបដិបត្តិល្អពិតហ្ន៎ ១ ទុក្ខបែបនេះ មិនមានក្នុងព្រះនិព្វានណា ព្រះនិព្វាន នោះជាសុខពិតហ្ន៎ ១ ។ ព្រះនាងត្រាស់ហៅស្វាមីមកហើយ ឲ្យចូលគាល់ ព្រះសាស្តា ដើម្បីក្រាបទូលការប្រព្រឹត្តទៅរបស់នាង និងដំណឹងក្រាបថ្វាយបង្គំ ។ ព្រះសាស្តាជ្រាបដំណឹងការថ្វាយបង្គំហើយ ត្រាស់ថា សុប្បវាសា កោលិយធីតា ចូរមានសេចក្តីសុខចុះ ចូរមានសេចក្តីសុខ មិនមានរោគ ប្រសូតឱរសដោយមិនមានរោគចុះ ដំណាលគ្នានឹងព្រះតម្រាស់របស់ព្រះសាស្តា នោះឯង ព្រះនាងសុប្បវាសាកោលិយធីតា ព្រះនាងទ្រង់ដល់នូវ ផាសុក ប្រាសចាកព្រះរោគាពាធ ប្រសូតព្រះឱរសមិនមានរោគហើយ ។